ខេត្តកណ្ដាល ៖ ជនសង្ស័យ ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលមុខកំពូលឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីរក្សាទុកនិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតស្រង់ចំណុច លើផ្លូវបេតុងមុខឡឥដ្ឋ គឹម តាយ ស្ថិតនៅ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនមាន ៖
១-ឈ្មោះ ញ៉ែម មិនា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ហួត ហៃ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិទេពមន្ត្រី ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។
៣-ឈ្មោះ ទូច ដាវុធ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្វាយអាត់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល មុខរបរ មិនពិតប្រាកដ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ៖
១-ម្សៅក្រាម ស ថ្លា សង្ស័យសារធាតុញៀន ចំនួន ០១ កញ្ចប់។
២-ម៉ូតូ ១គ្រឿង ម៉ាក អឹមស្លាស ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HR-2492។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋបានរាយការណ៍ថា សង្ស័យមានការជួញដូរគ្រឿងញៀន នៅចំណុច លើផ្លូវបេតុងមុខឡឥដ្ផ គឹមតាយ ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ភ្លាមនោះកម្លាំងជំនាញកម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញ និងប្រជាការពារ ទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យ២នាក់កំពុងជិះម៉ូតូក៏ហៅឲ្យឈប់ ពេលនោះជនសង្ស័យបានទំលាក់ថ្នាំចោល ហើយសមត្ថកិច្ចបានឃាត់សាកសួរ ជនសង្ស័យឆ្លើយថា ថ្នាំញៀននេះពួកខ្លួនបានទិញពីឈ្មោះ មិនា នៅភូមិបឹងជន្លេន ឃុំឬស្សីជ្រោយចំនួន០១កញ្ចប់ តំលៃ ៥មុឺនរៀល។ បន្ទាប់មកក៏បន្តទៅឃាត់ខ្លួនឈ្មោះ មិនា។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ញ៉ែម មិនា បានសារភាពថាខ្លួនបានទិញថ្នាំញៀន ពីឈ្មោះ សៀ សុីនឿន ហៅម៉ាប់ ស្នាក់នៅរោងកម្មករ ឡឥដ្ឋឈ្មោះ ថាច លាងស្រេង ស្ថិតនៅ ភូមិ ឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ទិញម្ដង ចំនួន០១ហ៊ុន តំលៃ ៣០មុឺនរៀល ដើម្បីយកទៅចែកចាយបន្ត ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាងត្រូវបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការចាត់វិធានការតាមច្បាប់៕
ដោយ៖ ស សម