ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ម្នាក់ត្រូវជាប្អូនស្រីបង្កើតកីឡាករប្រដាល់ អ៊ូច ធារិទ្ធ ឈ្មោះអ៊ូច រាជនី អាយុ១៦ឆ្នាំត្រូវជនដៃដល់ម្នាក់រករឿងឈ្លោះប្រកែកខណៈដែលជនដៃដល់និងជនរងគ្រោះបានសម្រាកព្យាបាលជំងឺកូវីដ-១៩នៅគ្រែក្បែរគ្នា ហើយជនដៃដល់បានលួចយកកាំបិតដែលនៅក្បែរនោះមកចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យនាងរងរបួស.កនិងដៃធ្ងន់ធ្ងរ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលារំលងអធ្រាត្រម៉ោងជាង១២ឈានចូលថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២១នេះនៅចំណុចកន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ អ៊ូច រាជនី អាយុ១៦ឆ្នាំ បានរងរបួសដៃដេរ១០ថ្នេរ ត្រង់កដេរ៦ថ្នេរ ។
ទន្ទឹមនឹងនេះដែរកីឡាករ អ៊ូច ធារិទ្ធ បានសម្តែងនូវការអាណិតអាសូរប្អូនស្រីយ៉ាងក្រៃលែង និងសំណូមពរដល់សមត្ថកិច្ចជួយរកយុត្តិធម៌ចាត់ការតាមផ្លូវច្បាប់ចំពោះជនដៃដល់ដែលបានធ្វើសកម្មភាពប៉ុនប៉ងធ្វើឃាតមកលើប្អូនស្រីរបស់ខ្លួនផង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលឈានដល់អារ.កនិងប្រើហិង្សាចាក់ទៅលើនារីរងគ្រោះនោះសមត្ថកិច្ចមិនទាន់ហ៊ានទៅយកមកដាក់ទោសនៅឡើយខណៈដែលជនសង្ស័យកំពុងតែព្យាបាល covid-19 ដោយត្រូវក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះឃាត់ខ្លួនទុកសិន៕
ដោយ ៖ ជីណា