ភ្នំពេញ៖ យោងតាមផេកផ្លូវការ(Cambodia SEA GAMES 2021) ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទាំងកីឡាហែលទឹក និងកីឡាអត្តពលកម្ម បាននឹងកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្មតាមការកំណត់ និងពេលវេលារៀបចំរបស់ម្ចាស់ផ្ទះ ដើម្បីត្រៀមការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុន នាថ្ងៃទី៣០-៣១ ខែកក្កដាចុងសប្ដាហ៍នេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម បានមានប្រសាសន៍ពីទីក្រុងតូក្យូថា «កីឡាករ-កីឡាការិនីរបស់យើង បានបន្ដខិតខំហ្វឹកហាត់រាល់ថ្ងៃ នៅកន្លែងកំណត់ក្នុងការហ្វឹកហាត់ នៅទីលាន ទាំងអាងហែលទឹក និងទីលានអត្តពលកម្ម ហើយកីឡាករ-កីឡាការិនីរបស់យើងបានចូលរួមហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីចម្រុះជាតិសាសន៍ថ្ងៃនេះ ឃើញថា យើងកម្ដៅសាច់ដុំ និងមានទឹកចិត្តល្អក្នុងការហ្វឹកហាត់ ដើម្បីត្រៀមក្នុងការប្រកួតផ្លូវការ នាល្ងាចថ្ងៃទី៣០ ខែកក្កដាឲ្យបានល្អប្រសើរ»។
លោកនាយបេសកកម្មបន្ដថា «នៅសល់ប៉ុន្មានថ្ងៃនេះ គ្រូបង្វឹករបស់យើង ក្នុងប្រភេទកីឡាទាំង ២ បានជំរុញការហ្វឹកហាត់ឲ្យបានល្អ និងត្រឹមត្រូវ ហើយឆ្លៀតមើលបទពិសោធន៍របស់កីឡាករ-កីឡាការិនីប្រទេសផ្សេងៗ ដែលហ្វឹកហាត់ជាមួយគ្នា ដើម្បីដកស្រង់បទពិសោធន៍ពីចលនា និងបច្ចេកទេសរបស់គេ ក៏ដូចជាមើលឃើញនូវរបៀបយកចិត្ដទុកដាក់ហ្វឹកហាត់របស់គេធៀបនឹងរបៀបហ្វឹកហាត់របស់កីឡាករ កីឡាការិនីយើង។ ដូច្នេះសូមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរបស់យើង ដែលត្រៀមប្រកួតកីឡាអូឡាំពិកជាប្រវត្តិសាស្ដ្រ នៅទីក្រុងតូក្យូ នាពេលឆាប់ៗខាងមុខនេះ»។
គួរបញ្ជាក់ថា អត្តពលិកកីឡាហែលទឹកកម្ពុជា ២រូប នឹងត្រូវប្រកួតនាល្ងាចថ្ងៃទី៣០ ខែកក្កដា នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre លើវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា ក្នុងនោះកីឡាករ ហែម ប៊ុច ត្រូវប្រកួតសេរីទី៤ (Heat-4) និងខ្សែបន្ទាប់ទី៦ (Lane-6) ខណៈកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាប់ទី៥ (Lane-5)។ រីឯកីឡាករអត្តពលកម្ម ប៉ែន សុគង់ ត្រូវប្រកួតនារសៀលថ្ងៃទី៣១ ខែកក្កដា លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ៕
ដោយ ៖ សិលា