ខេត្តកណ្ដាល៖ យុវជនម្នាក់សង្ស័យខូចចិត្តនឹងសង្សាររបស់ខ្លួនដែលបានភ្ជាប់ពាក្យជាមួយអ្នកថ្មី ក៏ទៅផឹកស្រាស្រវឹង រួចហើយក៏ចង.កបញ្ចប់ជីវិតខ្លួនឯងទៅនឹងធ្នឹមផ្ទះ បង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង៥និង៣០នាទី ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យី ដុំដី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ
កម្មករសំណង់ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ សម្ភារដែលសមត្ថកិច្ចចាប់យកធ្វើជាវត្ថុតាងមាន កន្សែងប៉ាក់ពណ៌សចំនួន០១ខ្សែ មានប្រវែង ១,៥ម៉ែត្រ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទី ជនរងគ្រោះបានផឹកស្រាជាមួយមិត្តភក្តិបួនទៅប្រាំនាក់ ហើយបានរៀបរាប់ត្អូញត្អែររឿងគាត់ខូចចិត្តនឹងសង្សារដែលទៅសែនព្រេនជាមួយអ្នកថ្មីចោលខ្លួន។ លុះមកដល់ម៉ោង១០និង៤០នាទី បន្ទាប់ពីផឹកចប់ក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន រហូតដល់ម៉ោង៧និង១០នាទីព្រឹកឈ្មោះវណ្ណ យី ដែលត្រូវជាម្ដាយឆ្ងល់ថាកូនប្រុសមិនទាន់ភ្ញាក់ពីដេក ក៏បានស្រែកហៅកូន តែមិនបានឮសំឡេងឆ្លើយតប ក៏បានអើតមើលតាមប្រហោងទ្វារស្រាប់តែឃើញកូនរបស់ខ្លួនចងក(ស្លាប់)នៅនឹងធ្នឹមផ្ទះក៏ស្រែកឆោឡោហៅបងប្អូន និងអ្នកជិតខាងឱ្យមកជួយមើល និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលតាលន់ផងដែរ ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលន់ បានចុះទៅដល់កន្លែងកើតហេតុនិងពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារចង.កប្រាកដមែន ។បន្ទាប់មកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលន់ សហការជាមួយកម្លាំងជំនាញផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ ដោយមានការចូលរួមពីគ្រូពេទ្យបង្អែកឃុំតាលន់ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិផង បានធ្វើការពិនិត្យសាកសពឃើញមានស្នាមជាំត្រង់ក(ប្រវែង២០ស.ម.) អណ្តាតលៀនចេញ។ ក្រៅពីស្លាកស្នាមខាងលើ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ។
• ការសន្និដ្ឋានៈ ជនរងគ្រោះស្លាប់ដោយសារការធ្វើអត្តឃាត (ចងក) ពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ