ភ្នំពេញ៖ លោក អេង អូន ដែលជាមន្ត្រីយោធានៅមូលដ្ឋានទ័ពអាកាសកងកេង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ ចាប់ឃាត់ខ្លួន ក្រោយពាក់ព័ន្ធបទល្មើស ឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា លោក អេង អូន ត្រូវបានចាប់ឃាត់ខ្លួន នៅមុខផ្សារស៊ីធីម៉ល ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនលោក អេង អូន ត្រូវបានកម្លាំងជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
គួរបញ្ជាក់ថា បើយោងតាមប្រភពព័ត៌មានមួយបានលួចបង្ហេីបប្រាប់ថា៖ លោក អេង អូន ក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម សម្រេចផាកពិន័យជាទឹកប្រាក់ជាង៨០០លានរៀល ផងដែរដោយសារ តែក្រុមហ៊ុន អភិវឌ្ឍ ភ្នំថ្កូវ របស់លោក បានកាយយកដីក្រហមមុនទទួលបាន អាជ្ញាប័ណ្ណ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានគេចវេសដោយហេតុផលផ្សេងៗ ពុំព្រមបង់ប្រាក់ផាកពិន័យតាមការ សម្រេច របស់លោករដ្ឋមន្ត្រីក្រសួងរ៉ែនៅឡើយដែរ៕ដោយ៖សហការី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច