ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌចំការមនបង្រ្កាបជនសង្ស័យម្នាក់រក្សាទុកសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះបង្រ្កាបបទល្មើសជាក់ស្ដែងដោយឃាត់បានជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន១កញ្ចប់ធំល្មមដែលកិបនឹងលុយក្រដាសមួយរយរៀល កាលពីវេលាម៉ោង៣និ៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នៅចំណុចខាងមុខផ្ទះលេខ៩ ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ គង់ ឌីម៉ង់ ភេទ ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ផន អូន អធិការរងខណ្ឌចំការមនបានឱ្យដឹងថា ដោយមានប្រជាពលរដ្ឋល្អរាយការណ៍ថាមានមនុស្សប្រុសម្នាក់អង្គុយនៅលើម៉ូតូធ្វើឱ្យមានការសង្ស័យ ក៏បានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចខណ្ឌក៏បានសហការជាមួយមេភូមិ នគរបាលប៉ុស្តិ៍តាមបទបញ្ជារបស់លោក យិន សាន អធិការ ខណ្ឌចំការមន រហូតឃាត់បានជនសង្ស័យរួមនឹងថ្នាំញៀនចំនួន១កញ្ចប់ធំល្មមកិបនឹងលុយក្រដាសមួយរយរៀលនាំមកផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌ។
ក្នុងនោះមន្ត្រីនគរបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋយុវជនយុវតីសូមមេតា្តជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាជាអំពើខុសច្បាប់និងធ្វើឱ្យយើងបាត់បង់ស្មារតីលែងស្គាល់បងប្អូន ខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ ជី ណា


ចែករំលែក៖