ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តធុនធំដឹកផ្លែឈើយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុករថយន្តប្រមូលសំរាមពីក្រោយពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងចាក់ផ្លែឈើពេញផ្លូវ តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកបើករថយន្តប្រមូលសំរាមបានឱ្យដឹងថា នៅពេលកើតហេតុ គាត់បានបើករថយន្តប្រមូលសំរាមពណ៌ត្រួយចេកពាក់ស្លាកលេខរដ្ឋ 07 3-1029 មកប្រមូលសំរាមនៅតាមបណ្តោយផ្លូវជាតិលេខ៦ ខណៈបើកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកផ្លែឈើមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3C-6661 បើកបរដោយបុរសម្នាក់ រួមទាំងព្រូឡានជាច្រើននាក់ទៀត បានធ្វើដំណើរស្របទិសគ្នាមកបុកចំហៀង ពីក្រោយរថយន្តប្រមូលសំរាម ពេញទំហឹងបណ្តាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងចាក់ផ្លែឈើពេញផ្លូវ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកដល់ហើយហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ដជ្រោយចង្វា រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ