ខេត្តព្រះវិហារ ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តយីឌុប បួងចង្កូតគេចឡង់គ្រីស័រ បុកម៉ូតូចតចិញ្ចើមផ្លូវ បណ្តាលឲ្យក្មេងម្នាក់ស្លាប់ ហើយរថយន្តក្រឡាប់ផ្ងារកង់ជង្រ្គាងៗ។
ឧបទ្ទវហេតុននេះកើតឡើងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លើផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១១ដល់២១២ ក្នុងដំណើរស្របទិសគ្នា ។
មន្រ្តីនគរបាលចរាចរណ៍ស្រុកជាំក្សាន្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 3A7425 បើកបរដោយឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឈ្នួល។
តាមចម្លើយអ្នកបើកបរ រថយន្តយីឌុបខាងលើប្រាប់ថាពេល្លួនបើករថយន្តមកដល់កន្លែងកើតហេតុ ថា ស្រាប់តែមានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស មិនចាំស្លាកលេខ បើកបរដោយឈ្មោះ ច័ន្ទ ដារុន ភេទប្រុស បើកបរពីមុខហើយបានឈប់ភ្លាមៗ លើដងផ្លូវដោយមិនបានវ៉ៃភ្លើងស៊ីញ៉ូ ឬក៏អែបស្ដាំ ធ្វើឲ្យគាត់ខំបួងចង្កូតគេចចេញមិនផុតក៏បានកៀរស្តុបរថយន្តឡង់គ្រីស័រខាងស្ដាំ រួចជ្រុលទៅបុកម៉ូតូចតនៅលើចិញ្ចើមផ្លូវខាងស្ដាំ ដែលមានក្មេងអង្គុយពីលើឈ្មោះ រ៉េត ធឹងសែន ភេទប្រុស អាយុ១៤ឆ្នាំស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុហើយរថយន្តគាត់ក្រឡាប់ដែរ។
ចំណែកឯរថយន្ត ឡង់គ្រីស័រ បើកបរដោយឈ្មោះ ច័ន្ទ ដារុន បានបើកបរគេចខ្លួនបាត់ ។ រីឯរថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចជំនាញស្ទូចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាល ស្រុកជាំក្សាន្តរង់ចាំដោះស្រាយតាមច្បាប់ ។ ចំពោះសាកសពក្មេងរងគ្រោះ ជំនាញបានប្រគល់ឲ្យក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ ៕
ដោយ៖ ប្រាថ្នា