ព័ត៌មានទាន់ហេតុការណ៍៖

មិនល្អតែរូបទេ គឺកុមារីល្អហួសទទួលបានការសរសើរពីទស្សនិកជនថាមានទេពកោសល្យសិល្បៈច្រើនទម្រង់ណាស់

ចែករំលែក៖

ភ្នំពេញ៖ ទើបតែនឹងបញ្ចេញសា្នដៃបទចម្រៀងបែបសុរិន្ទមិនទាន់បានប៉ុន្មានផង កុមារីល្អហួស ទទួលបានការកោតសរសើរកាន់តែច្រើនពីទស្សនិកជនចំពោះសមត្ថភាព និងរូបសម្រស់ដែលកាន់តែស្រស់ស្អាតបែបមនុស្សពេញវ័យនោះ។
ក្មួយស្រីបង្កើតរបស់តារាសិចស៊ី ដេនីក្វាន់ ក៏កំពុងតែធ្វើឲ្យក្រុមអ្នកគាំទ្រកោតសរសើរមិនតិចនោះទេក្រោយពីនាងបានបង្ហាញទេពកោសល្យសិល្បៈជាច្រើនទម្រង់បានយ៉ាងគាប់សរសើរបន្ថែមពីលើរូបសម្រស់ដ៏ស្រស់សោភានោះ។ កាន់តែធ្វើឲ្យទស្សនិកជនទប់ចិត្តមិនសរសើរមិនបានគឺសន្តានចិត្តល្អរបស់នាងក្នុងកិច្ចការមនុស្សធម៌ជាបន្តបន្ទាប់បើទោះបីជានាងស្ថិតនៅក្មេងវ័យក៏ដោយ។ ទេពកោសល្យសមត្ថភាពដែលនាងមានគឺពិតជាអាចធ្វើឲ្យទស្សនិកជនកោតសរសើរមិនតិចឡើយ ហើយមិនត្រឹមតែការច្រៀង រាំ និងសម្តែងទេ នាងក៏មានជំនាញលើវិស័យសិល្បៈមួយចំនួនទៀតដែលតាមការអះអាងរបស់លោក គឹម សាន ដែលត្រូវជាពូ និងជាអ្នកជួយបង្ហាត់បង្ហាញណែនាំនោះបានបញ្ជាក់ថា កុមារីល្អហួសនាងឈានដល់វ័យ១៣ឆ្នាំ កម្ពស់១.៥៦ម៉ែត្រ ទម្ងន់៣៦គីឡូក្រាម សម្បុរស្រអែម។ នាងសិក្សានៅថ្នាក់ទី៧ នៃសាលា វេនស្ទើន អន្តរជាតិ ។ នាងអាចនិយាយបាន២ភាសាយ៉ាងល្អ ក្រៅពីភាសាកំណើតនាងចេះភាសាអង់ក្លេស និងភាសាថៃ។ មិនតែប៉ុណ្ណោះកុមារីរូបនេះមានសមត្ថភាពផ្នែកសិល្បៈរបាំបុរាណខ្មែរ ចំនួន៧ទម្រង់ និងរាំចង្វាក់ប្រជាប្រិយបានយ៉ាងល្អ។ បន្ថែមលើនេះ ល្អហួសអាចសំម្តែងបានគ្រប់ទម្រង់ឱ្យតែជាសិល្បៈនៃការសម្តែង ដូចជាតួកម្សត់សម្រក់ទឹកភ្នែក តួកាចឆ្នាស ឈ្នានីសបានយ៉ាងល្អ។ អ្វីដែលចាប់អារម្មណ៍គឺបច្ចុប្បន្ននេះនាងកំពុងតែទទួលបានក្នុងការង្វឹកពីគ្រូដើរបង្ហាញម៉ូដដ៏ល្បី ។ ក្តីស្រមៃរបស់ក្មេងស្រីតូចម្នាក់នេះ គឺចង់ក្លាយជាបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា នាពេលអនាគត។
ថ្មីៗនេះ កុមារីល្អហួសបានបញ្ចេញស្នាដៃសិល្បៈថ្មីមួយទៀតគឺការបញ្ចេញវីដេអូចម្រៀង Cover មួយបទដែលនាង ច្រៀងខ្លួនឯងផង សម្ដែងខ្លួនឯងផងបានយ៉ាងសមគួរឲ្យក្នាញ់ទៀត។បទនេះមានចំណងជើងថា “កាប៉ែតប៉ែឡែ” សំនៀងដើម “សុងសែង & រំដួល”។ចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺកុមារីល្អហួស រាំបានយ៉ាងស័ក្តិសម កាយវិការ ដៃ ជើង ដងខ្លួនទន់ភ្លន់មិនគួរឲ្យជឿ។ នេះជាទេពកោសល្យថ្មីមួយទៀត ដែលក្មួយស្រី ដេនី ក្វាន់ បានឆក់យកបេះដូងអ្នកគាំទ្រ។ ជាមួយគ្នានឹងសម្ផស្សវ័យ១៣ឆ្នាំរបស់ល្អហួស ដែលវិវត្តកាន់តែជិតពេញរូបពេញរាងនោះ ក៏ជាចំណុចទាក់ទាញផងដែរ។ នាងសម្តែងបានយ៉ាងល្អ រួមជាមួយឌីជេ កណ្ដុរ ។ បញ្ចេញបទចម្រៀងនេះត្រឹម២ថ្ងៃប៉ុណ្ណោះបទចម្រៀងថ្មីចុងក្រោយរបស់នាងទទួលបានអ្នកចូលទស្សនាលើបណ្តាញសង្គមហ្វេសប៊ុកច្រើនជាង២លានដង ហើយនេះគឺជាចំណាប់អារម្មណ៍ថ្មីបន្ទាប់ពីនាងទើបនឹងបញ្ចេញសា្នដៃច្រៀងបទចម្រៀងជាភាសាខ្មែរ និងភាសាថៃ បានយ៉ាងពិរោះ និងទទួលបានការកោតសរសើរច្រើនពីទស្សនិកជននៅកម្ពុជា និងប្រទេសថៃនោះ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖