ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកផ្លូវឱ្យក្រុមហ៊ុនរកស៊ីផ្នែកឱសថអាចនាំចូលវ៉ាក់សាំងប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក(WHO) មកចែកចាយនៅកម្ពុជា។
ជាក់ស្ដែងនៅក្នុងលិខិតជម្រាបទៅម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នាថ្ងៃទី២៧ ខែកក្កដានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខាភិបាល ពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស។នៅក្នុងលិខិតដដែលនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងជំងឺកូវីដ១៩ នៅក្នុងឃ្លាំងដើម្បីធានាឱ្យបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕
ដោយ៖សហការី