ខេត្តស្វាយរៀង៖ លោក នួនលីហួនប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានអោយដឹងថា
បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតអោយមន្ទីរ ចាត់មន្ត្រីបង្គោលចំនួន ០៣រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋានគ្រឹះ នៃការការពារ ការត្រួតពិនិត្យ ការឆ្លងរោគជំងឺកូវីដ-១៩ និង របៀបធ្វើតេស្ដរហ័សរួចមក ព្រមទាំងទទួលបានឧបករណ៍តេស្ដរហ័ស (Rapid Test Device) ចំនួន ០៤ប្រអប់ (១០០tests) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបន្តថា នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១ នេះដោយបានគោលការណ៍អនុញ្ញាតពី លោកអភិបាលខេត្ត មន្ទីរបានរៀបចំធ្វើតេស្ដរហ័ស(Rapid Test) រកមេរោគកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅក្នុងបរិវេណមន្ទីរ។
លោកបន្តថា ដោយជាលទ្ធផលនៃការធ្វើតេស្តសរុបចំនួន ៧១នាក់ (ស្រី ២១នាក់) ទទួលបានលទ្ធផលគឺ “អវិជ្ជមាន” ទាំងអស់។
លោកបន្ថែមថាក្នុងនាមជាថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែយកចិត្តទុកដាក់ ដល់មន្រ្តីក្រោមឱវាទ ដែលបានកំពុងបំពេញភារកិច្ចប្រចាំថ្ងៃ ជាពិសេសក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩នេះ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកទេសរដ្ឋមន្ត្រី សូមមានកម្លាំង ពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍលើវិស័យសាធារណការ និងដឹកជញ្ជូន ឲ្យកាន់តែប្រសើរថែមទៀត និង រួមគ្នាអនុវត្តវិធានការ “៣ការពារ ៣កុំ”អោយបានខ្ជាប់ខ្ជួនគ្រប់ៗគ្នាផងដែរ៕
ដោយ៖ យឹម សុថាន