ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះហាងលក់ភីហ្សា Pezza និងហាងលក់នំដូណាត់ GIGAPPLE ទាំងកណ្តាលអធ្រាត្រនិងមានជាប់មនុស្ស២នាក់នៅក្នុងនោះ តែសំណាងបានរថយន្តពន្លត់អគ្គិភ័យចេញមកជួយបាញ់ទឹកពន្លត់ភ្លើងទាន់ពេលវេលា និងជួយសង្រ្គោះមនុស្ស២នាក់ដែលជាប់នៅខាងក្នុងហាងចេញមកបាន។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីម៉ោង១និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅផ្ទះលេខ៤៨ ផ្លូវ លេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ ជាប់កន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញមានឆ្លងចរន្តអគ្គិសនីចេញពីទូអេធីអឹមនៅខាងមុខហាង។ បន្ទាប់មកស្រាប់តែមានអណ្តាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ ហើយពួកគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យជួយហៅរថយន្តពន្លត់អគ្គិភ័យចេញមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង។
ក្រោយពេលទទួលដំណឹងថា មានករណីអគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋនៅខណ្ឌទួលគោកនោះ ខាងកងអន្តរាគមន៍ពន្លត់អគ្គិភ័យស្នងការដ្ឋានរាជធានីភ្នំពេញ ក៏បានបញ្ចេញរថយន្តមកជាច្រើនគ្រឿង ដើម្បីជួយបាញ់ទឹកពន្លត់ផងដែរ។ ក្រោយពេលបាញ់ពន្លត់អគ្គិភ័យឆាបឆេះផ្ទះបានរលត់ជាស្ថាពរហើយនោះគឺឃើញមានការខូចខាតសម្ភារដូចជា ទូអេធីអឹម ( ហាងលក់ភីហ្សា Pezza និងហាងលក់នំដូណាត់ GIGAPPLE ប្រហែល៣០% ) តែពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ នៅក្នុងប្រតិបត្តិការនេះបានប្រើប្រាស់រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គិភ័យចំនួន៦គ្រឿង ហើយបាញ់ពន្លត់ចប់នៅម៉ោង១និង៤៥នាទីរំលងអធ្រាត្រនាថ្ងៃខែឆ្នាំដដែល៕
ដោយ៖ជ្រោយពេជ្រ