ព័ត៌មានទាន់ហេតុការណ៍៖

ឌៀប សុហ្វីរ៉ា ហៅប្រណម្យ កូនកាត់ខ្មែររុស្សុីវ័យ១១ឆ្នាំកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងលើបណ្តាញសង្គមក្រោយពីកុមារីម្នាក់ដែលគេធ្លាប់បានស្គាល់ខ្លះនៅលើកម្មវិធីកម្សាន្តរបស់ទូរទស្សន៍មួយនាពេលកន្លងមក។ ធ្វើឲ្យគេចាប់ភ្លឹកនឹងសម្រស់របស់ក្មេងស្រីវ័យ១១ឆ្នាំរូបនេះគឺក្រោយពីគេហទំព័រឈ្មោះ Van Color  បានបញ្ចេញរូបថតមួយចំនួនរបស់កុមារីរូបនេះរហូតមានការចាប់អារម្មណ៍ខ្លាំងទៅលើរូបថតទាំងនេះផងដែរ។ 

  ចាប់អារម្មណ៍ព្រោះតែមុខមាត់របស់ក្មេងស្រីនេះទំនងជាកូនកាត់ណាម្នាក់ ខណៈដែលការស្លៀកពាក់ និងតុបតែងមុខក៏គួរឲ្យចាប់អារម្មណ៍មិនចាញ់មនុស្សពេញវ័យ ឬតារាសម្តែងអាជីពឡើយទាំងទម្រង់សម្លៀកបំពាក់បុរាណ និងសម័យ ហើយនាងក៏បានដាក់អារម្មណ៍និងកាយវិការបានល្អលើការថតរូបមិនចាញ់មនុស្សធំពេញវ័យនោះដែរ។ នាងមានទម្រង់មុខស្រស់ស្អាតប្លែកដែលគេសង្ស័យថានាងគឺជាកូនកាត់សាសន៍ណាមួយជាក់ជាមិនខាន។  ក្មេងស្រីនេះត្រូវបានគេដឹងដែរថា មានឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ថា Sofira Deab  ហើយតាមរយៈបណ្តាញសង្គមនេះនាងក៏មានសកម្មភាពសិល្បៈមួយចំនួនដែរ រួមទាំងបានរួមការងារជាមួយតារាសម្តែងព្រះកាយច័ន្ទផងដែរ។ 

នាងឈ្មោះឌៀប សុហ្វីរ៉ា ហៅ ប្រណម្យ មានវ័យ១១ឆ្នាំ  ជាកូនកាត់ខ្មែរ-រុស្សុី    សុហ្វីរ៉ា មានទម្រង់មុខស្អាតប្លែក ច្រមុះស្រួច សម្បុរស រាងស្រឡូន និងជាក្មេងស្រីស្វាហាប់រឹងមាំម្នាក់។

នាងគឺជាក្មេងស្រីសុភាពរាបសារ ស្គាល់ចាស់ទុំ មានរូបសម្រស់ស្រស់ស្អាត និងទេពកោសល្យសិល្បៈមួយចំនួនគួរឲ្យចាប់អារម្មណ៍នេះ បើយោងតាមការបញ្ជាក់របស់គ្រូបង្ហាត់ផ្នែកសិល្បៈរបស់នាងផ្ទាល់គឺកញ្ញា ព្រះកាយច័ន្ទ ។

កញ្ញា បានបញ្ជាក់ថាក្មេងស្រីរូបនេះមាននិស្ស័យល្អជាមួយការងារសិល្បៈ បើទោះបីជាឆ្លងកាត់ការហាត់រៀនក្នុងរយៈពេលខ្លីក៏ដោយ។  ក្មេងស្រីវ័យ១១ឆ្នាំនេះមានឆន្ទៈក្នុងការហ្វឹកហាត់ជំនាញសិល្បៈមួយចំនួន ហើយគោលបំណងនៃការចូលប្រឡូកសិល្បៈរបស់នាងត្រូវបានគាំទ្រ និងលើកទឹកចិត្តពីក្រុមគ្រួសារ ខណៈដែលពេលនេះនាងទទួលបានការងារសិល្បៈមួយចំនួនជាបន្តបន្ទាប់ផងដែរ។ 

  បច្ចុប្បន្ននាងក្មេងស្រីរូបនេះសិក្សាថ្នាក់ទី៦នៃសាលាABI និងឆ្លៀតពេលហ្វឹកហាត់ផ្នែកសិល្បៈនៅក្នុងក្លឹបព្រះកាយច័ន្ទដោយនាងកំពុងសិក្សាលើជំនាញរាំរបាំបុរាណ ប្រជាប្រិយ សម័យ ការដើរបង្ហាញម៉ូត សម្តែងជាដើម។ ថ្ងៃអនាគតនាងមានបំណងប្រឡូកក្នុងអាជីពសិល្បៈ ពិសេសគឺការចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាណាមួយនៅថ្ងៃមុខ  ហើយនាងក៏ទទួលបានការគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារផងដែរ៕ 

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖