ការប្រកួតវគ្គជម្រុះតាមពូលបានបញ្ចប់ហើយកាលពីថ្ងៃទី២៧ កក្កដាម្សិលមិញ ដោយបានរកឃើញ៨ក្រុមឡើងទៅប្រកួតវគ្គបន្តក្នុងកម្មវិធីបាល់ទាត់នារីព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុននោះក្រុមម្ចាស់ផ្ទះនារីជប៉ុនបានយកឈ្នះក្រុមនារីឈីលីទាំងលំបាកក្នុងលទ្ធផល១ទល់០។
យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ កក្កដានេះបានឲ្យដឹងថា ក្រុមជម្រើសជាតិនារីជប៉ុនបានគ្រប់គ្រងបាល់ច្រើនជាងក្រុមឈីលី ហើយនៅក្នុងការប្រកួតវគ្គទី១ គឺមិនមានគ្រាប់បាល់បញ្ចូលទីនោះទេ រហូតដល់ចូលដល់វគ្គទី២ នាទីទី៧៧ កីឡាការិនីជប៉ុន Tanakaបានស៊ុតបញ្ចូលទី១គ្រាប់ដែលជាគ្រាប់ជ័យជម្នះ ធ្វើឲ្យជប៉ុនឡើងវគ្គ៨ក្រុមចុងក្រោយព្រឹត្តិការណ៍អូឡាំពិក ទោះបីឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងពូលក៏ដោយ ព្រោះជាក្រុមលេខ៣ល្អមានឱកាសឡើងទៅជាមួយក្រុមលេខ១និងលេខ២ក្នុងពូលដែរ។
ដោយឡែកការប្រកួតដំណាលគ្នានោះដែរក្រុមស៊ុយអែតបានយកឈ្នះក្រុមណូវែលហ្សេឡង់២ទល់០, ក្រុមអាមេរិកស្មើជាមួយអូស្រ្តាលី០ទល់០, កាណាដាស្មើជាមួយអង់គ្លេស១ទល់១, ហុល្លង់បំបាក់ក្រុមចិន៨ទល់២ និងប្រេស៊ីលឈ្នះក្រុមហ្សាំប៊ី១ទល់០
គួរបញ្ជាក់ថា ក្រុមបាល់ទាត់នារីដែលឡើងទៅប្រកួតវគ្គ៨ក្រុមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកដែលនឹងត្រូវប្រកួតនៅថ្ងៃទី៣០ កក្កដាខាងមុខនេះគឺក្រុមកាណាដាប៉ះក្រុមប្រេស៊ីល (ម៉ោង៣រសៀល), អង់គ្លេសប៉ះអូស្ត្រាលី (ម៉ោង៤រសៀល), ស៊ុយអែតប៉ះម្ចាស់ផ្ទះជប៉ុន (ម៉ោង៥ល្ងាច) និងហុល្លង់ប៉ះសហរដ្ឋអាមេរិក (ម៉ោង៦ល្ងាច) ៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)