ភ្នំពេញ៖ បើតាមការបញ្ជាក់របស់មន្រ្តីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការដុតកម្ចេចចោលនូវសាច់ក្របីបង្កក ដែលនាំចូលពីប្រទេសឥណ្ឌាមានចំនួន ៣កុងតឺន័រ ដែលធ្វើឡើងនៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩។
គួររំលឹកថា សាច់ក្របីបង្កចំនួន ៣កុងតឺន័រ ដែលនាំចូលមកពីប្រទេសឥណ្ឌា ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាត្រួតពិនិត្យនិងរកឃើញមានផ្ទុកមេរោគកូវីដ១៩។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានប្រកាសថា សាច់ក្របីបង្កកចំនួន ៣កុងតឺន័រ ក្នុងចំណោម ៥កុងតឺន័រ ត្រូវបានរកឃើញមេរោគនេះ។
ពាក់ព័ន្ធនិងករណីខាងលើនេះ លោក មាស សុខសេនសាន មន្រ្តីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការរកឃើញតាមរយៈការធ្វើតេស្តលើទំនិញនាំចូល ជាការខិតខំប្រឹងប្រែងជាអាទិភាពតែម្តងសម្រាប់ក្រសួងសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ការនាំចូលមេរោគ និងការឆ្លងរីករាលជំងឺកូវីដ១៩នៅកម្ពុជា មួយទៀតគឺយើងគិតគូរឆ្លើយតបទៅនឹងការដែលរកឃើញនេះ គឺជាទូទៅយើងមិនព្រងើយកន្តើយទេ ដែលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។
ដោយឡែកទាក់ទិននិងបញ្ហានេះដែរ តាមរយៈផេករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដាកន្លងទៅ ស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជាបានអះអាងថា សាច់ក្របីនេះត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមកប្រទេសកម្ពុជា។ មួយវិញទៀតសាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជានៅខែកក្កដា ដែលគ្មានភ័ស្ដុតាងវិទ្យាសាស្ត្រណា បង្ហាញថាវីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារនិងចំណីអាហារ ក្នុងរយៈពេលជិត ៣ខែនោះទេ។
គួរបញ្ជាក់ថា កម្ពុជា គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២១នេះ បាននាំចូលសាច់ក្របីជាង ៩០០តោន ពីប្រទេសឥណ្ឌា ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលកំពុងមានសន្ទុះបរិភោគសាច់សត្វប្រភេទកើនឡើងជាលំដាប់។ ជាមួយគ្នានេះ កម្ពុជា បានសម្រេចផ្អាកការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតពីប្រទេសឥណ្ឌាកាលពីដើមខែឧសភា និងបន្ទាប់មកបានអនុញ្ញាតឱ្យមានការនាំចូលឡើងវិញ ដោយអនុវត្តការតេស្តរកមេរោគត្រឹមត្រូវ៕
ដោយ៖សហការី