ភ្នំពេញ, លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ២៩ កក្កដា ឆ្នាំ២០១៨–២៩ កក្កដា ឆ្នាំ២០២១ ! ថ្ងៃស្អែកជាខួប ០៣ឆ្នាំ នៃការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ អនុលោមតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកតំណាងរាស្ត្របានលើកឡើងថា, កាលពី៣ឆ្នាំមុន នៅថ្ងៃនោះ ប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោត បានចេញទៅអនុវត្តសិទ្ធិរបស់ខ្លួនយ៉ាងច្រើនកុះករ ដើម្បីជ្រើសរើសគណបក្ស ដែលខ្លួនយល់ឃើញថាសក្តិសម និងដែលខ្លួនជឿជាក់ និងផ្តល់សេចក្តីទុកចិត្តក្នុងការកាន់ចង្កូតនាវាកម្ពុជា និងដឹកនាំគោលនយោបាយជាតិ។
អ្នកបោះឆ្នោត ៨៣,០២% នៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុប បានធ្វើការជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តពីក្នុងចំណោមគណបក្សនយោបាយ ២០ ដែលបានចូលរួមក្នុងការបោះឆ្នោត។ ក្នុងចំណោមអ្នកអ្នកដែលទៅបោះឆ្នោតទាំង ៨៣,០២% នោះ មានប្រជាពលរដ្ឋជាង ៧៦% បានផ្តល់សេចក្តីទុកចិត្តរបស់ខ្លួនមកលើគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលក្នុងនីតិកាលទី៦បន្តទៀត។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមខ្ញុំជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងក្នុងនាមខ្លួនខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងការវាយតម្លៃខ្ពស់ចំពោះការផ្តល់សេចក្តីទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាមកលើគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ អាណត្តិដែលប្រគល់ជូនដោយប្រជាពលរដ្ឋ ស្របតាមនីតិវិធីរបស់រដ្ឋធម្មនុញ្ញ បានផ្តល់នូវកម្លាំងចិត្ត ព្រមទាំងយុត្តិធម៌ និងការទទួលស្គាល់នូវពលិកម្ម និងសមិទ្ធផលធំធេងនានារបស់គណបក្សចំពោះជាតិ និងប្រជាជន មិនថាជាការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម សមិទ្ធផលថ្លៃថ្លាមិនអាចប្រកែកបាននៃការបញ្ចប់ជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃរបស់កម្ពុជា ដោយទទួលបានមកវិញនូវសន្តិភាពពេញលេញ ស្ថិរភាព ការអភិវឌ្ឍ ការងារ និងកាលានុវត្តភាពនានាជូនប្រជាពលរដ្ឋទូទាំងប្រទេស។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងទៀតថា ,ដើម្បីជាការតបស្នងចំពោះសេចក្តីទុកចិត្ត និងជំនឿជាក់របស់ប្រជាពលរដ្ឋ គណបក្ស ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគណបក្សទាំងអស់ មិនដែលទៅណាចោលប្រជាជនមួយវិនាទីណាឡើយ ជាពិសេសទៅទៀតគឺការបន្តមានវត្តមានគ្រប់ពេលវេលារបស់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលប្រទេសជាតិជួបវិបត្តិ ដែលមានជាអាទិ៍ គ្រោះមហន្តរាយនៃការរលំអគារ គ្រោះមហន្តរាយធម្មជាតិ និងថ្មីៗនេះ គឺការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងគំរាមកំហែងកម្ពុជា និងសកលលោកនេះ។
តាំងពីពេលចាប់ផ្តើមដំបូងនៃការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ជាប់ជាប្រចាំរបស់សម្តេចនាយករដ្ឋមន្រ្តី បានចាត់ទុកសុខុមាលភាព សុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។ ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលមានការងារទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ ជាពិសេស កម្មករនិយោជិតក្នុងវិស័យទេសចរណ៍ កាត់ដេរ និងអ្នកប្រកបអាជីវកម្មប្រចាំថ្ងៃដែលប៉ះពាល់ធ្ងន់ បានទទួលនូវការឧបត្ថម្ភសាច់ប្រាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល បើទោះបីជាមិនស្មើនឹងចំណូលដែលពួកគាត់រកបានមុនពេលមានជំងឺកូវីដ ១៩ ក្តី តែនេះជាការរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ពួកគាត់។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា, មិនតែប៉ុណ្ណោះ កម្ពុជាក៏បានបង្កើតកំណត់ត្រាក្នុងការអនុវត្តយុទ្ធសាស្រ្ត និងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលមកទល់ពេលនេះ យើងធានាបានថាយើងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ដែលមានប្រភពពីប្រទេសផ្សេងៗលើសកលលោក សម្រាប់ចាក់ជូនប្រជាពលរដ្ឋយ៉ាងតិច ១០ លាននាក់។ ចំនួនវ៉ាក់សាំងដែលកម្ពុជាបាន និងកំពុងទទួលជាបន្តបន្ទាប់ និងកំពុងត្រៀមបញ្ជូនមក អាចធានាបានថា យុទ្ធនាការចាក់វ៉ាក់សាំងអាចប្រព្រឹត្តទៅបានដោយរលូន និងដោយគ្មានការបារម្ភពីបញ្ហាខ្វះវ៉ាក់សាំងចាក់នោះទេ។
លោកបន្តថា, ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមថ្លែងនូវអំណរគុណដល់មិត្តភក្តិបរទេសទាំងអស់ដែលបានចូលរួមប្រកបដោយទឹកចិត្តសប្បុរសតាមគ្រប់រូបភាព ដើម្បីជួយដល់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩។ ការងារវ៉ាក់សាំង និយាយដោយឡែក ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជប៉ុន ដែលបានផ្តល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ ដែលអាចអនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាព ផ្តល់ខែលការពារដល់ប្រជាពលរដ្ឋខ្លួន បញ្ចៀសបាននូវការធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺកូវីដ ១៩។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះមិត្តភក្តិបរទេសដទៃទៀតដែលបានសន្យានូវការបរិច្ចាកវ៉ាក់សាំងបង្ការកូវីដ ១៩ ទោះតាមយន្តការទ្វេរភាគី ឬទាំងយន្តការ Covax ក្តី
ហើយយើងសង្ឃឹមថាយើងនឹងទទួលបានវ៉ាក់សាំងនេះក្នុងដៃដើម្បីអាចបន្តការចាក់ជូនប្រជាពលរដ្ឋបន្ថែមទៀត។
គណបក្សប្រជាជនសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនជូនជាតិមាតុភូមិ តែយើងនៅមានការងារជាច្រើនដែលត្រូវបន្តធ្វើ ដើម្បីយើងអាចឆ្លងផុតគ្រាលំបាកនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងឈានទៅការស្រោចស្រង់សេដ្ឋកិច្ចជាតិ ហើយរួមគ្នាធ្វើដំណើរឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។
ជឿជាក់លើគណបក្សប្រជាជនកម្ពុជា ហើយគណបក្សនឹងនៅជាមួួយយើងទាំងអស់គ្នាគ្រប់កាលៈទេសៈ និងធ្វើអ្វីៗទាំងអស់ដើម្បីបង្ករបរិយាកាសភ្លឺស្វាងសម្រាប់ថ្ងៃនេះ និងអនាគត។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា,បានលើកឡើងថា, ខ្ញុំសូមថ្លែងអំណរគុណជាពិសេសជូនចំពោះបងប្អូន ក្រុមគ្រូពេទ្យ មន្រ្តីសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ផ្នែកដែលនៅជួរមុខទាំងអស់ ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដែលបានឈរជើងប្រចាំការក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាជនគ្រប់ពេលវេលា ក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។
ចុងក្រោយលោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រើទិសពាក្យស្លោកថា ,”ខ្មែរធ្វើបាន”
យើងពិតជាធ្វើបាន ៕
ដោយ៖សុខខេមរា