ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ជាប្តីបានធ្វើសកម្មភាពប្រដាប់ដោយកាំបិត ប៉ុនប៉ងធ្វើមនុស្សឃាតគម្រាមសម្លាប់ស្ត្រីរងគ្រោះជាប្រពន្ធទុកឲ្យកូនកំព្រាតែមិនបានសម្រេច ព្រោះពលរដ្ឋនៅក្បែរនោះឃើញ ចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលស្រុកថ្មពួក កាលពីរវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១ នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ។
លោកពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា៖ ជនសង្ស័យជាប្តីឈ្មោះសឿន ច័ន្ទវិឈុន អាយុ៣១ឆ្នាំ នៅភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ។ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះឈ្លាន ផល្លាហៅអូន អាយុ៣០ឆ្នាំ នៅភូមិកសិណ ឃុំគោករមៀត ស្រុកថ្មពួក ។
លោកនាយការិយាល័យ បានឲ្យដឹងទៀតថា៖តាមការសួរនាំជនសង្ស័យជាប្តីបានសារភាពថា ពួកគេទាំង០២នាក់ប្តីប្រពន្ធនេះ មានជាប់ចំណងស្នេហ៍និងគ្នារយៈពេលជាង១០ឆ្នាំមកហើយ មានកូនប្រុស ស្រី ចំនួន០២នាក់ ។ហើយមួយរយៈនេះពួកគេទាំង០២នាក់ បានបែកពីគ្នារយៈពេល០៣ខែហើយ តែមិនបានលែងលះគ្នានោះទេ ដោយស្ត្រីជាប្រពន្ធនោះមានជំងឺរោគស្បូន ហើយមកដេកនៅផ្ទះឪម្តាយរបស់គេ ចំណែកខ្លួននៅផ្ទះឪពុកម្តាយរបស់ខ្លួននៅភូមិខាងលើ។ ហើយម្យ៉ាងវិញទៀតប្រពន្ធរបស់ខ្លួន(ជនរងគ្រោះ)បានឲ្យខ្លួនយកប្រពន្ធមួយទៀត តែខ្លួនមិនទាន់យក។ នៅថ្ងៃកើតហេតុខ្លួនបានផឹកស្រាស្រវឹង ហើយមានគេប្រាប់ថា ប្រពន្ធរបស់ខ្លួនមានគេប្រុងស្តីដណ្តឹង ដែលធ្វើឲ្យខ្លួនមានកំហឹងគួបនឹងជាតិស្រាចូលពោះផង ក៏ជិៈម៉ូតូកាន់កាំបិតបុ័ងតោ ពេលមកដល់ផ្ទះឃើញនាងកំពុងដេកលើអង្រឹងក្រោមផ្ទះ ដោយអំណាចប្រចណ្ឌផង មិនបានសួរនាំអ្វីក៏ចាប់សក់ក្បាលគម្រាមសម្លាប់ចោលឲ្យកូនកំព្រា តែត្រូវបងប្អូន និងអ្នកជិតខាងឃើញក៏មកប្រតាយប្រតប់ចាប់ដកយកកាំបិតបុ័ងតោបាន ចំណែកខ្លួនគេរបួសត្រង់ក្បាល០១កន្លែងនៅពេលប្រតាយប្រតប់គ្នានោះ ។
លោក ពេជ្រ ប៊ុនធឿន បានបញ្ជាក់ថា៖ដោយផ្អែកលើចម្លើយសារភាព សាក្សីនៅកន្លែងកើតហេតុ និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យឈ្មោះ សឿន ច័ន្ទវិឈុន កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាល កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ វណ្ណា