ភ្នំពេញ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ពាក់ព័ន្ធជាមួយប្រទេសដៃគូសន្ទនា (SOMTC + Dialogue Partner) លើវិស័យនានានៃការងារឧក្រិដ្ឋកម្មឆ្លងដែន ដោយមានការចូលរួមពីអនុប្រធាន សមាជិក នៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីបង្គោលទទួលផែនការងារពាក់ព័ន្ធជាច្រើនរូបផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនា គឺជាផ្នែកមួយនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី២១ ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រព្រឹត្តឡើងកាលពីម្សិលមិញ ហើយកិច្ចប្រជុំពិគ្រោះយោបល់នេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែកក្កដា ឆ្នាំ២០២១។
កិច្ចប្រជុំពិគ្រោះយោបល់នេះគឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ក្រុមការងារ SOMTC ក្នុងការពិភាក្សាលើការអនុវត្តផែនការការងារ ក៏ដូចជាឯកសារពាក់ព័ន្ធផ្សេងៗ និងការផ្លាស់ប្ដូរនូវទស្សនៈ មតិយោបល់ពីប្រតិភូចូលរួមលើកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា ដើម្បីឲ្យការអនុវត្តការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់កាន់តែប្រសិទ្ធភាព៕
ដោយ ៖ សិលា