ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរយៈពេលជាង៤ខែ នាវា Ever Given ជាប់កឿងនៅអេហ្ស៊ីបពេលនេះបានទៅដល់កំពង់ផែ Rotterdamហើយ

ចែករំលែក៖

នាវាដឹកទំនិញEver Given បានចូលចតនៅកំពង់ផែ Rotterdam ប្រទេសហុល្លង់នាព្រឹកថ្ងៃទី២៩ខែកក្កដានេះហើយ ក្រោយរយៈពេលជាង៤ខែជាប់គាំងនៅព្រែកជីក Suez ប្រទេសអេហ្ស៊ីប ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ សកម្មភាពដឹកទំនិញតាមព្រែកជីកដ៏មមាញឹកបំផុតលើពិភពលោក។
សារព័ត៌មាន AFP បានផ្សាយថា នាវាដឹកទំនិញមានប្រវែង ៤០០ម៉ែត្រ បានចូលដល់កំពង់ផែ Rotterdam នៅវេលាម៉ោង១០ព្រឹក ។ តំណាងកំពង់ផែបានបញ្ជាក់ថា «ពិតជាធូរស្រាលបន្តិចពេលនាវាដឹកទំនិញបានចូលដល់គោលដៅ ហើយនេះជាពេលវេលាដ៏អស្ចារ្យ។ ទីបំផុតយើងក៏បានដាក់កុងតឺន័រចុះ ហើយសង្ឃឹមថានាវានឹងវិលត្រឡប់ទៅដំណើរការដូចដើមវិញ»។
អគ្គនាយកគ្រប់គ្រងកំពងផែ Rotterdam លោក Hans Nagtegaal បានបញ្ជាក់ទៀតថា នាវា Ever Given នឹងចតនៅកំពង់ផែនេះរហូតដល់ថ្ងៃទី ២ខែសីហា ក្រោយមកនឹងបន្តដំណើរទៅកាន់កំពង់ផែ Felixstowe ប្រទេសអង់គ្លេស មុនពេលទៅកាន់កំពង់ផែ Dunkirk របស់បារាំង ដើម្បីត្រួតពិនិត្យបច្ចេកទេសពីស្ថានភាពនាវា។
កាលពីថ្ងៃទី២៣ខែមីនា នាវា Ever Given ជានាវាដឹកកុងតឺន័រធំបំផុតលើពិភពលោក បានជាប់កឿងទទឹងព្រែកជីក Suez ប្រទេសអេហ្ស៊ីបរហូតដល់ថ្ងៃទី២៩ខែមីនា ទើបអាចអូសមកបណ្តោយព្រែកវិញបើកផ្លូវឱ្យនាវាដឹកទំនិញនានាឆ្លងកាត់។ ម្ចាស់នាវាដឹកទំនិញខាងលើ បានបង់ប្រាក់សង់ពីការខូចខាត ចំនួន៥៥០លានដុល្លារ៕ដោយ៖ធីរីណា

រូបថត៖ AFP/TTXVN


ចែករំលែក៖