ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ដែលករណីនេះធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខវិទ្យាល័យឫស្សីកែវ តាមផ្លូវបេតុង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យរូបនេះបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុចមុខសណ្ឋាគារហួងសាន ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី ក្នុងនោះសមត្ថកិច្ចចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពមួយគ្រឿង។ 

ជនសង្ស័យមានឈ្មោះ សុខ ចាន់ធី  ហៅ ខេម ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្សវិទ្យាល័យឫស្សីកែវថ្នាក់ទី៩ ស្នាក់នៅបុរីភ្នំពេញសុខសាន្ត ផ្ទះលេខ៣ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមានម៉ូតូម៉ាកស៊ុយហ៊្សុយគីឡេត ពណ៌ស ស៊េរីឆ្នាំ២០១៦ លេខតួ ៤០៦២១១ លេខម៉ាស៊ីន ៤០៦២៨១ ពាក់ស្លាកលេខ ភ្នំពេញ ១CX-៣៩៣៤ ។

ចំណែកជនរងគ្រោះឈ្មោះ សាត់ សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២៨ ផ្លូវលេខ៤៤បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អគ្គនាយករងគជប ។

សម្ភារបាត់បង់កាបូបយូរដៃចំនួន១ ​,ទូរស័ព្ទដៃចំនួន៣គ្រឿង ម៉ាកអាយហ្វូន៥ មិនចាំស៊ីមកាត ,ម៉ាកអាយហ្វូន១១ ពណ៌ខ្មៅ ស៊ីមកាតលេខ ០១២ ៩១៥១៨១ និងម៉ាកសាំសុងហ្គាឡាក់ស៊ី៦ ពណ៌ខ្មៅ មិនចាំស៊ីមកាត ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុចមុខសណ្ឋាគារហួងសាន ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ជិះម៉ូតូចំនួន២ គ្រឿង គឺឈ្មោះ សុខ ចាន់ធី  ហៅ ខេម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកស៊ុយហ៊្សុយគីឡេត ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកភ្នំពេញ ១CX-៣៩៣៤ ម្នាក់ឯង និងបក្ខពួកឈ្មោះ លឹម សុខគា ហៅ លី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ​ខ្មែរ ជិះម៉ូតូម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ខៀវ ស៊េរីឆ្នាំ២០២១ មិនចាំស្លាកលេខតែម្នាក់ឯង ។

នៅពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះ ភេទប្រុសកំពុងដើរ ភ្លាមនោះជនសង្ស័យឈ្មោះ លឹម សុខគា ហៅ លី បានឃើញក៏ជិះម៉ូតូចូលទៅជិតហើយធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួន ចំណែកឈ្មោះ សុខ ចាន់ធី  ហៅ ខេម ជិះម៉ូតូបិទគូថពីក្រោយនាំគ្នាគេចខ្លួនបាត់ទៅ។  

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ លឹម សុខគា ហៅ លី ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ នៅចំណុចគល់ស្ពានភ្លោះកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីខាងលើបញ្ជូនមកចាត់ការតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖