ភ្នំពេញ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះហាមឃាត់និងបិទទីតាំងអាហារដ្ឋាន សម្រស់បុប្ផា២៧១ ដែលមិនអនុវត្តតាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ដេីម្បីអនុវត្តតាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ ដែលសម្រេចដាក់ឲ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ ដោយអនុវត្តចាប់ពីម៉ោង ២៣ៈ៥៩នាទីយប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះល្បាតក្នុងភូមិសាស្ត្រ ក៏ឃេីញមានទីតាំងខាងលេីមិនអនុវត្តតាម ទេីបធ្វេីការចុះហាមឃាត់ និងបិទជាបណ្ដោះអាសន្ន។ ដោយឡែកចំពោះម្ចាស់ទីតាំង និងភ្ញៀវដែលចូលទៅអង្គុយផឹកសុី គឺអាជ្ញាធរធ្វេីការអប់រំ ធ្វេីកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។
គួរបញ្ចាក់ថា ការដាក់ចេញជាបទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ អនុវត្តឱ្យបានម៉ឹងម៉ាត់ខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ Video Conference ក្រោមអធិបតីភាពលោក ឃួង ស្រេង ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ៕
ដោយ ៖ ភារ៉ា ដង្កោ