ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកខ្សាច់​បុកនិងកិនម៉ូតូហុងដាឌ្រីម​នៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

  ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ​​ត្រូវរថយន្ដដឹកខ្សាច់បុកពីមុខពេញទំហឹងនិងកិនអូសជាង៥០ម៉ែត្រ​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ។ 

    យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា  មុនពេលកើតហេតុគេឃើញរថយន្ដដឹកខ្សាច់មួយគ្រឿងម៉ាកហុីយ៉ាន់ដាយ​ ពណ៌លឿង​ ពាក់ស្លាកលេខភ្នំពេញ3F-7419​ បើកតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុក៏បុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1 V-6274 ជិះដោយបុរសម្នាក់បញ្ច្រាសទិសគ្នាពីជើងទៅត្បូងពេញទំហឹងនិងកិនម៉ូតូអូសជាង៥០ម៉ែត្ររងការខូចខាតទាំងស្រុង ចំណែកជនរងគ្រោះបានបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះទៅធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់​ ។ ចំណែកសពត្រូវបានប្រគល់ឲ្យទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖