ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ LEXUS​ RX450h បុកខឿនផ្លូវនិងបុកទម្លុះជញ្ជាំងផ្ទះពលរដ្ឋនៅគល់ស្ពានដែកបាឡេរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត​LEXUS​ RX450h​ក្នុងល្បឿនលឿន​មិនប្រយ័ត្នបានជ្រុលទៅបុកខឿនផ្លូវហេីយផ្លោងទៅបុកទម្លុះជញ្ជាំងផ្ទះប្រជាពលរដ្ឋបន្ថែមទៀតបង្កឱ្យរងការខូចខាតយ៉ាងដំណំ​។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង១០នាទីយប់ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅចំណុចគល់ស្ពានដែកបាឡេ​ តាមបណ្ដោយផ្លូវជាតិលេខ៥​ ក្នុងសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។  

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុនោះមានបុរសម្នាក់បេីករថយន្តម៉ាក​ LEXUS​ RX450h​ ពណ៌ស្ក​រ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AG-9878 តាមបណ្ដោយផ្លូវជាតិលេខ៥​ពីត្បូងទៅជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុទំនងអ្នកបេីកបរមានបំណងចង់ឡេីងលេីស្ពានដែកបាឡេ​ ក៏កាច់ចង្កូតមកខាងស្ដាំដៃ​តែបត់មិនទាន់​ក៏ជ្រុលទៅបុកខឿនផ្លូវនិងផ្លោងទៅបុកទម្លុះជញ្ជាំងផ្ទះប្រជាពលរដ្ឋបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ និងផ្នែកជំនាញចរាចរណ៍ខណ្ឌឫស្សីកែវបានចុះមកដល់​ តែពិនិត្យឃេីញថា​ រថយន្តបង្កខាងលេីនេះមិនបានធ្វេីឲ្យខូចខាតសម្បត្តិរដ្ឋ​ ទេីបឱ្យម្ចាស់រថយន្តដោះស្រាយគ្នាជាមួយម្ចាស់ផ្ទះនិងម្ចាស់ក្រុមហ៊ុនខឿនផ្លូវ​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖