ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក​ ចុះអនុវត្តបម្រាមគោចរ​ទាំងកណ្ដាលយប់ និងណែនាំដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មលក់ដូរតាមចិញ្ចេីមផ្លូវ​ ភោជនីយដ្ឋាន អាហារដ្ឋាន

ចែករំលែក៖

    ភ្នំពេញ​ ៖​ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោង២៣ៈ៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្លាំងចម្រុះ​ នៃគណៈបញ្ជាការឯកភាពខណ្ឌទួលគោក​ នៅវេលាម៉ោងជាង១២រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២១​ បានចុះធ្វេីការណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលប្រកបអាជីវកម្មលក់ដូរតាមចិញ្ចេីមផ្លូវ និងភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ដូរទំនិញ លក់គ្រឿងស្រវឹង​ឲ្យចូលរួមអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ។ 

  ក្នុងសកម្មភាពចុះអនុវត្តសេចក្ដីសម្រេចខាងលេី​ គេសង្កេតឃេីញថា​ មានបងប្អូនប្រជាពលរដ្ឋភាគច្រេីនអនុវត្តតាមបានយ៉ាងល្អប្រសេីរ​ និងមួយចំនួនតូចមិនស្ដាប់ការណែនាំ​របស់អាជ្ញាធរ​ឡើយ ទេីបមានការរឹបអូសយកសម្ភារទៅរក្សាទុក​ផងដែរ​ ។ 

    គួរបញ្ចាក់ថា​ ការអនុវត្តវិធានការបម្រាមគោចរក្នុងរាជធានីភ្នំពេញ​នៅយប់នេះត្រូវអនុវត្តពីម៉ោង២៣៖៥៩នាទី ដល់ម៉ោង៣ទៀបភ្លឺ ហើយចាប់ពីយប់ស្អែកទី៣០ខែកក្កដាទៅ នឹងអនុវត្តចាប់ពីម៉ោង៩យប់រហូតដល់ម៉ោង៣ទៀបភ្លឺ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖