ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនស្រវឹងស្រាបើករថយន្តបុករះសសរសំយាបផ្ទះ ដើមឈើរួមទាំងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាខ្លាំងបានបើករថយន្តLEXUS RX-400h បុកសសរសំយាបផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្ដាលឲ្យបាក់ដាច់អស់៣ដើមហើយបន្តទៅបុកដើមក្ងោកនិងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតបាក់រាយប៉ាយជាច្រើនកំណាត់ ឯរថយន្តទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២១ នៅក្នុងបុរីឈូកវ៉ា២  ផ្លូវលេខ១ ភូមិរុក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅក្នុងបុរីកន្លែងកើតហេតុខាងលើបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់ឃើញបុរសជនជាតិចិនម្នាក់ប្រហែលជាស្រវឹងស្រាខ្លាំងបានបើករថយន្តLEXUS RX-400h ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AD-7050ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកសសរសំយាបផ្ទះពលរដ្ឋមួយកន្លែងបាក់ដាច់អស់៣សសរខូចខាតស្ទើរទាំងស្រុង  ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានរេចង្កូតឆ្លងផ្លូវម្ខាងទៀតទៅខាងឆ្វេងដៃទៅបុកដើមក្ងោកនិងរបងផ្ទះពលរដ្ឋមួយកន្លែងទៀតបណ្តាលបាក់បែករាយប៉ាយនិងដើមក្ងោកបាក់ជាច្រើនកំណាត់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុម្ចាស់រថយន្តបានទុករថយន្តឱ្យសន្តិសុខមើលការខុសត្រូវមួយយប់ចាំព្រឹកឡើងសឹមគាត់មកធ្វើការដោះស្រាយជាមួយភាគីម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖