ភ្នំពេញ៖ ដើម្បីឲ្យការអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាពហើយប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់គ្រប់ៗគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ចុះអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏ដូចជាបងប្អូនប្រកបមុខរបរលក់ដូរតាមដងផ្លូវទាំងអស់ឲ្យចូលរួមអនុវត្តនូវបម្រាមគោចរនេះឲ្យបានគ្រប់ៗគ្នាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏មិនខុសពីខណ្ឌដទៃទៀតដែរ នៅរាត្រីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ហើយក៏ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានចាត់ចែងកម្លាំងជាពីរក្រុមដឹកនាំដោយលោកអភិបាលរង ដើម្បីចុះអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវក្នុងដែនដីរបស់ខ្លួនឱ្យចូលរួមអនុវត្តនូវបម្រាមគោចរដែលត្រូវហាមឃាត់ចាប់ពីម៉ោង៩៖០០នាទី រហូតដល់ម៉ោង៣៖០០នាទីទៀបភ្លឺ គិតចាប់ពីថ្ងៃទី ៣០ ខែកក្កដានេះរហូតទៅដែលមានរយៈពេល១៤ថ្ងៃ។
លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំក្រុម០១ ចុះទៅអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងតំបន់ចោមចៅ ពោធិចិនតុង និងផ្លូវសហព័ន្ធរុស្ស៊ីបានប្រាប់ឱ្យដឹងថា យប់នេះគ្រាន់តែជាការអប់រំផ្សព្វផ្សាយឱ្យបងប្អូនបានជ្រាបកាន់តែច្បាស់អំពីព័ត៌មានដែលត្រូវអនុវត្តនូវបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះ ហើយចាប់ពីយប់ថ្ងៃទី ៣០ ខែកក្កដា ២០២១នេះតទៅអាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យការអនុវត្តបម្រាមគោចរនេះមានប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩បំប្លែងថ្មីដែលហៅថា (ដែលតា) ដែលបានឆ្លងចូលមកក្នុងសហគមន៍របស់យើងតាមរយៈពលករចំណាកស្រុកមកពីប្រទេសជិតខាងនាពេលនេះ។
សូមបញ្ជាក់ថា ការអនុវត្តនូវបម្រាម គោចរនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានបង្ហាញពីការរកឃើញជំងឺកូវីដ-១៩បំប្លែងថ្មី បានចូលមកដល់ក្នុងសហគមន៍របស់យើង តាមរយៈបងប្អូនពលករចំណាកស្រុក ដែលវិលចូលមកស្រុកវិញពីប្រទេសជិតខាង ៕
ដោយ ៖ សំរិត