ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីកម្ចាត់មេរោគ Google Play Protect មិនបានការពារទូរស័ព្ទរបស់លោកអ្នកបានល្អទេ !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កម្មវិធី Google Play Protect ត្រូវបានក្រុមហ៊ុន Google ដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ២០១៧ កន្លងទៅសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដើម្បីការពារពីកម្មវិធីមេរោគ ហើយនាពេលបច្ចុប្បន្ន កម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងទូរសព្ទចំនួនប្រមាណ ២.៥ពាន់លានគ្រឿង។ ប៉ុន្តែបើតាមការរកឃើញរបស់ក្រុមហ៊ុន AV-TEST អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, កាលពីពេលថ្មីៗនេះបានបង្ហាញថា Google Play Protect មានភាពអន់ខ្សោយក្នុងការស្វែងរកមេរោគបើប្រៀបធៀបទៅនឹងកម្មវិធីផ្សេងៗទៀត។

ក្នុងរយៈពេល ៦ខែ ចាប់តាំងពីខែមករា ដល់ខែមិថុនា ក្រុមហ៊ុន AV-TEST បានធ្វើការសាកល្បង ស្វែងរកកម្មវិធីមេរោគចំនួនប្រមាណ២ម៉ឺន ដោយប្រើកម្មវិធីកម្ចាត់មេរោគល្បីៗជាច្រើន។ ជាលទ្ធផល Google Play Protect អាចរកឃើញមេរោគបានតែចំនួន ២ភាគ៣ ឬប្រហែល ៦៨% នៃចំនួនមេរោគទាំងអស់ ដែលធ្វើឱ្យកម្មវិធីនេះជាប់ចំណាត់ថ្នាក់ចុងក្រោយគេបំផុត។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្តថា, ក្នុងចំណោមកម្មវិធីទាំង១៥ មានកម្មវិធីចំនួន៥ អាចរកឃើញមេរោគបានដោយជោគជ័យ ១០០% ក្នុងនោះមាន Bitdefender, G DATA, McAfee, NortonLifeLock និង Trend Micro។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅក្រុមហ៊ុន Google ក៏បានខិតខំ ព្យាយាមបង្កើនប្រសិទ្ធភាពកម្មវិធីកម្ចាត់មេរោគដោយបានបង្កើត App Defense Alliance ជាមួយនឹងក្រុមហ៊ុន ESET, Lookout និង Zimperium ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖