ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់បានរងរបួសធ្ងន់ ខណៈដែលជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគ្នាពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ១៩៦៦ ក្នុងសង្កាត់ក្រាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ125ស៊េរីឆ្នាំ ២០១០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FH 8774ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៥K ក្នុងទិសដៅពីត្បូងទៅជើងរួចបត់ទៅឆ្វេងដៃបានប្រហែល ១០ ម៉ែត្រស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់សេ125 ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ 1D 3268បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនជ្រុលទៅបុកនឹងម៉ូតូឌ្រីមសង់សេ125 សេរីឆ្នាំ ២០១០ ពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ  ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖