ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យចាក់ដូសទី៣ ដល់ប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យចាក់ដូសទី៣ ដល់ប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ ! ក្នុងនោះសម្តេចក៏បានលើកយកអំពីយុទ្ធសាស្ត្រចំនួន ៥យ៉ាងដែលធ្វើឲ្យកម្ពុជាមានការចាក់វ៉ាក់សាំង លឿនមុនតាមផែនការកំណត់។ សម្ដេចក៏បានលើកឡើងថា, ប្រសិនបើសម្ដេចជឿទៅតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជុំវិញបញ្ហាការស្នើសុំចាក់វ៉ាក់សាំងកូវីដ-១៩ ហើយសម្ដេចបានយល់ព្រមតាមសម្ដេចពិជ័យសេនា ទៀ បាញ់នោះ ប្រាកដជាផែនការនៃការចាក់វ៉ាក់សាំងនេះចំណេញបានមុនមួយខែ លឿនលើសផែនការកំណត់។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា មានកត្តាចំនួន៥ សំខាន់ដែលធ្វើអោយរាជរដ្ឋាភិបាល អាចចាក់វ៉ាក់សាំងបានលឿនមុនផែនការកំណត់ក្នុងនោះរួមមាន:
ទី១ កត្តាដឹកនាំ មានភាពច្បាស់លាស់ ទាំងការគិត និងយន្តការអនុវត្ត។
ទី២ កម្ពុជា មានប្រភពផ្គត់ផ្គង់ច្បាស់លាស់ ដែលយកចិនជាខ្នងបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងគឺជាប្រភពគាំទ្រ
ទី៣ កម្ពុជាមានសាច់ប្រាក់សន្សំដែលចាត់ចែងបានភ្លាមៗ បន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំង មិនមែនជាស្រីកញ្ជើរធ្លុះ។ ទី៤ កម្ពុជា មានធនធានមនុស្ស សម្រាប់ដំណើរការចាក់ ទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្មគ្រ័ចិត្ត បូករួមនឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលខុសត្រូវខ្ពស់។
ទី៥ មានការចូលរួមពីប្រជាជន ដែលមកទទួលវ៉ាក់សាំង និង ការជួយជាថវិកាទិញវ៉ាក់សាំងដែលនេះគឺជា ចលនាជាតិក្នុងទិញវ៉ាក់សាំង និង ការទទួលយកវ៉ាក់សាំងដោយស្មគ្រ័ចិត្ត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរួចហើយ នឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ដូសទី៣ ហើយសម្រាប់អ្នកធ្លាប់បានចាក់វ៉ាក់សាំងសុីណូហ្វាម និង សុីណូវ៉ាក់ទាំង ២ដូសរួចហើយ ត្រូវយកវ៉ាក់សាំង AstraZeneca ជាដូសទី៣ ដើម្បីជម្រុញ។ សម្តេចតេជោហ៊ុន សែន បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងសម្រាប់ដូសទី៣ នឹងបញ្ចូលជាបន្ទាន់ដើម្បីអនុវត្តនៅខ្សែត្រៀមជួរមុខ ពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖