ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចមិនបានចេញទៅទទួលវ៉ាក់សាំងអាមេរិកនោះ ខណ:មិនត្រូវបានផ្ដល់មកកម្ពុជា តាមរយៈយន្តការទ្វេភាគីនោះឡើយ !

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចមិនបានចេញទៅទទួលវ៉ាក់សាំងដែលជាជំនួយផ្ដល់ដោយសហរដ្ឋអាមេរិកនោះឡើយ ដោយថា វ៉ាក់សាំងនោះ មិនត្រូវបានផ្ដល់មកកម្ពុជា តាមរយៈយន្តការទ្វេភាគីនោះឡើយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា វ៉ាក់សាំងជាជំនួយរបស់ចក្រភពអង់គ្លេសនាពេលខាងមុខនេះ សម្តេចនឹងទៅទទួលផ្ទាល់ ខណៈវ៉ាក់សាំងដែលអង់គ្លេសផ្តល់ជូននេះ គឺជាជំនួយទ្វេភាគីមិនមែនតាមរយៈកូវ៉ាក់នោះឡើយ។ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ផងដែរថា វ៉ាក់សាំងដែលអាមេរិកបានផ្តល់ដល់កម្ពុជានាពេលកន្លងទៅនេះសម្តេចមិនបានទៅទទួលគឺដោយសារតែជាជំនួយតាមរយៈកូវ៉ាក់។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បញ្ជាក់ថា, វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទសុីណូហ្វាម ចំនួន០១លានដូស និងម្ជុលចាក់វ៉ាក់សាំង ចំនួន០១លានដូស ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិត ចិន ដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងទូទាំងប្រទេសត្រូវបញ្ជារទិញរថយន្តចំនួន២០គ្រឿងបន្ថែមទៀតសម្រាប់ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋនោះ។
ពាក់ព័ន្ធនឹងសំណួរសួរថា តើគួរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុក្រោម ១២ ឆ្នាំដែរទេ? ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ទស្សនៈផ្ទាល់ខ្លួនរបស់សម្តេចគឺចង់ឲ្យចាក់ ប៉ុន្តែយើងត្រូវរង់ចាំអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសនានាផលិតវ៉ាក់សាំង សម្រាប់ចាក់កុមារអាយុ ក្រោម ១២ ឆ្នាំសិន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើការទិញវ៉ាក់សាំងការពារមេរោគកូវីដ១៩ ដែលគ្រាន់តែចុះកិច្ចសន្យាទិញភ្លាម នឹងផ្តល់លុយឲ្យគេភ្លាម ដោយមិនបង្អង់យូរនោះឡើយ។
អ្វីដែលជាក្តីរំភើបរបស់ជនរួមជាតិ ត្រង់ថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានថ្លែងលើកឡើងថា,សម្តេចតេជោសម្រេចឱ្យចាក់ដូសទី៣ ដល់ប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ! សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមដើម្បីត្រៀមចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖