ព័ត៌មានទាន់ហេតុការណ៍៖

រៀបកញ្ចក់ដាក់លើរុឺម៉កម៉ូតូដើម្បីដឹកឱ្យម៉ូយស្រាប់តែរលំដួលទៅលើម៉ូតូដែលកំពុងបើកបរតាមផ្លូវបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងសិប្បកម្មកាត់កញ្ចក់មួយកន្លែងបានរៀបកញ្ចក់ដាក់លើរុឺម៉កម៉ូតូដើម្បីដឹកយកទៅឱ្យម៉ូយស្រាប់តែដួលរលំ ទៅត្រូវម៉ូតូមួយគ្រឿងដែលកំពុងតែបើកបរតាមផ្លូវបណ្ដាលឱ្យយុវជនម្នាក់រងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១ ខែសីហាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញកម្មករក្នុងទីតាំងសិប្បកម្មកាត់កញ្ចក់មួយកន្លែងកំពុងតែនាំគ្នារៀបកញ្ចក់ដាក់ទៅលើរ៉ឺម៉កម៉ូតូមួយគ្រឿង ហើយពេលដែលកម្មករបាននាំគ្នាចូលទៅខាងក្នុង ដោយពុំមានអ្នកណាម្នាក់នៅទប់កញ្ចក់លើរ៉ឺម៉កនោះ ស្រាប់តែកញ្ចក់ដួលរលំទៅត្រូវម៉ូតូមួយគ្រឿងម៉ាកស្គូពីពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HW-6334ដែលបើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីកើតទៅលិចបណ្តាលឲ្យយុវជនរូបនោះរងរបួសស្រាល រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែកកញ្ចក់បានបែករាយប៉ាយពេញផ្លូវ។ ក្រោយមកក៏មានការប្រកែកគ្នាយកត្រូវរៀងៗខ្លួនដោយភាគីខាងសិប្បកម្មកាត់កញ្ចក់ប្រាប់ថាម៉ូតូជាអ្នកបុករុឺម៉កម៉ូតូរបស់គាត់ ចំណែកភាគីខាងម៉ូតូប្រាប់ថាមិនបានបុកនោះទេ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖