ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយបេសកកម្មកម្ពុជា ក្នុងអូឡាំពិកហ្គេមតូក្យូសង្ខេបខ្លឹមសារសំខាន់ៗជូនជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ CAMSOC បានបញ្ជាក់អោយដឹងថា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកនាយបេសកកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុនបានធ្វើសេចក្តីសង្ខេបជូនជាតិនូវបេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក តូក្យូ ២០២០ ដូចខាងក្រោម៖ 

១-ប្រតិភូកីឡាអូឡាំពិកកម្ពុជាបានបំពេញកាតព្វកិច្ចជាសមាជិក ពេញសិទ្ធិនៃមហាគ្រួសារអូឡាំពិកអន្តរជាតិបានដោយរលូន និងជោគជ័យ ជាសក្ខីកម្មថ្មីនៃគុណតម្លៃជាតិខ្មែរលើឆាកអន្តរជាតិ។ 

២-ពុះពារក្តីបារម្ភ និងភ័យខ្លាចជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ Tokyo Olympic 2020 បានផ្តល់នូវមេរៀនបទពិសោធន៍ថ្មីនៃការរស់នៅតាមគន្លងនៃរបត់ថ្មីរបស់ចលនាកីឡាពិភពលោក ក៏ដូចក្នុងប្រទេសនីមួយៗ ឲ្យចេះទប់ទល់ ការពារដោយទំនុកចិត្តថា កីឡាអាចខ្លាំងជាងជំងឺកាចសាហាវនេះបាន បើយើងចេះរបៀបសាមគ្គីភាព ឯកភាព និងយោគយល់គ្នាពិតប្រាកដ។ 

៣-កីឡាអូឡាំពិកជាបច្ចេកទេសជំនាញកីឡាយើងនៅឆ្ងាយពីគេ ប៉ុន្តែវេទិកាកីឡាពិភពលោកនេះមិនមែនមានតែការប្រកួតកីឡាទេ ប៉ុន្តែវាក៏ជាការចូលរួម ជាកិត្តិយសជាតិ ជាការផ្លាស់ប្តូរវប្បធម៌ ទស្សនៈជីវិត និងគតិបណ្ឌិតរស់និយមរបស់មនុស្សជាតិនៅលើផែនដី ក្នុងគោលដៅរួម គឺការកសាងពិភពលោកមួយល្អប្រសើរ “ build a better world through sports “។

៤-សន្តិភាព មិត្តភាព សាមគ្គីភាព និងសុខុដុមនីយកម្មពិភពលោក គឺជាមូលដ្ឋាននៃចលនាអូឡាំពិក។ 

ក្នុងនាមប្រធានប្រតិភូកីឡាអូឡាំពិក Tokyo Olympic 2020 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទីបំផុតដល់គ្រប់ការគាំទ្រ លើកទឹកចិត្ត និងស្រឡាញ់ ដោយស្នាមញញឹមដល់កីឡាករ កីឡាការិនីយើង។ «ខ្មែរគាំទ្រខ្មែរ ខ្មែរគាំទ្រកីឡាខ្មែរ»៕

ដោយ ៖ សិលា


ចែករំលែក៖