អុីស្រាអែលបានត្រៀមបំផ្លាញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៨០ពាន់ដូស ប្រភេទ Pfizer ដោយសារតែវ៉ាក់សាំងនោះផុតកំណត់ប្រើប្រាស់ ។ កន្លងមក អុីស្រាអែលបានសង្គ្រោះវ៉ាក់សាំងជិតផុតកំណត់បានជាង៧សែនដូស តាមរយៈការដោះដូរជាមួយកូរ៉េខាងត្បូង ។
ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបានផ្សាយនៅថ្ងៃទី៣១ខែកក្កដាថា ចំនួនវ៉ាក់សាំង Pfizer បានផុតកំណត់នៅចុងខែកក្កដា។
បណ្តាញព័ត៌មានអុីស្រាអែលបានផ្សាយថា វ៉ាក់សាំង៨០ពាន់ដូសមានតម្លៃជិត២លានដុល្លារអាមេរិកនឹងត្រូវបញ្ជូនទៅចោលនៅកន្លែងចោលសំរាម។ រដ្ឋាភិបាលអុីស្រាអែលកន្លងមកបានខិតខំចាក់វ៉ាក់សាំងជូនពលរដ្ឋមុនពេលផុតកំណត់ ប៉ុន្តែចាក់មិនអស់នោះឡើយ។
កិច្ចព្រមព្រៀងដោះដូរវ៉ាក់សាំងរវាងអុីស្រាអែលនឹងប៉ាឡេស្ទីនត្រូវបរាជ័យ ដោយសារតែភាគីប៉ាឡេស្ទីនបារម្ភពីប្រសិទ្ធភាពក្នុងពេលវ៉ាក់សាំងជិតអស់សុពលភាពប្រើប្រាស់។ក្រោយមកអុីស្រាអែលក៏បានព្រមព្រៀងជាមួយកូរ៉េខាងត្បូង ដើម្បីដោះដូរវ៉ាក់សាំងចំនួន៧សែនដូស ក្នុងចំណោម១,៤លានដូស ដែលត្រូវផុតកំណត់ប្រើប្រាស់នៅចុងខែកក្កដាឆ្នាំ២០២១។ នៅឆ្នាំក្រោយកូរ៉េខាងត្បូង នឹងសងវ៉ាក់សាំងចំនួនខាងលើទៅឲ្យភាគីអុីស្រាអែលវិញ។
កន្លងមកអុីស្រាអែលបានឡើងគម្រោងប្រើប្រាស់វ៉ាក់សាំងបន្ថែម ៦សែនដូសសម្រាប់ចាក់ជូនក្មេងៗមានអាយុចាប់ពី១២-១៥ឆ្នាំ។
អុីស្រាអែលជាប្រទេសឈានមុខគេនៅលើពិភពលោកពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដូសទីបី ដល់ពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ក្នុងពេលដែលបារម្ភពីប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer ថយចុះខណៈវីរុសបំប្លែងខ្លួនថ្មីដែលតាឆ្លងរាលដាលយ៉ាងខ្លាំង។ មកទល់ពេលនេះអុីស្រាអែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋដូសទីពីរ ដល់ពលរដ្ឋបាន៥៩% ៕
ដោយ៖ធីរីណា(រូបភាព៖ al Jazeera)