ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងទ័ពឥណ្ឌា-ចិនជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នាតាមព្រំដែន

ចែករំលែក៖

មេបញ្ជាការកម្លាំងទាហានឥណ្ឌានិងចិន នៅថ្ងៃទី៣១ខែកក្កដា បានជួបពិភាក្សាគ្នាក្រោយរយៈពេលជាង៣ខែ ស្តីពីការដកទាហានចេញពីតំបន់ព្រំដែនដែលមានវិវាទដើម្បីបញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា។
ភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីបង្កើនល្បឿននៃការដកទាហានរាប់សិបពាន់នាក់ចេញពីតំបន់ព្រំដែនដែលមានវិវាទ បញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នារយៈពេលជាង១៥ខែកន្លងមក។
អ្នកនាំពាក្យកម្លាំងទាហានឥណ្ឌា លោក Sudhir Chamoli បានឱ្យដឹងថា ជំនួបពិភាក្សាធ្វើឡើងនៅតំបន់ព្រំដែន ក្នុងទឹកដីរបស់ចិនស្ថិតនៅភាគខាងកើតតំបន់ Ladakh ប៉ុន្តែមិនបញ្ជាក់ពីរបៀវារៈនៃជំនួបពិភាក្សានោះឡើយ។ តាមគម្រោងភាគីទាំងពីរនឹងចេញសេចក្តីប្រកាសរួមក្រោយកិច្ចប្រជុំ នៅថ្ងៃទី ១ខែសីហានេះ។
កិច្ចពិភាក្សាថ្នាក់មេបញ្ជាការលើកទី១២ នាពេលនេះគឺជាលទ្ធផលនៃ ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសឥណ្ឌា នឹងចិន នៅប្រទេស Tajikistan នាថ្ងៃទី១៥ខែកក្កដា កន្លងមក។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា S. Jaishankar បានបញ្ជាក់ថា ការជាប់គាំងផ្នែកយោធានៅព្រំដែនធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា។ លោកបានព្រមានថា រាល់ការផ្លាស់ប្តូរទម្រង់ណាមួយដោយឯកតោភាគីពីសំណាក់ភាគីចិនគឺជារឿងមិនអាចទទួលយកបានឡើយ ។
កាលពីខែកុម្ភៈឆ្នាំ២០២១កន្លងមក ភាគីទាំងពីរបានសម្រេចដកទាហានចេញពីតំបន់ Pangong Tso ។ ចំណុចសំខាន់នៃកិច្ចពិភាក្សានាពេលនេះ គឺរំសាយកម្លាំងទាហាននៅតំបន់ Hot Springs, Gogra និង Depsang ។
ជាមួយគ្នានេះដែរ ក្រសួងការបរទេសចិន ក៏យល់ស្រប់ទៅនឹងទស្សនៈរបស់ឥណ្ឌា ដោយបញ្ជាក់ថា ការជាប់គាំងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរគឺមិនមានផលប្រយោជន៍ទាំងសងខាង ហើយចិនចង់ដោះស្រាយបញ្ហាទាំងនោះតាមរយៈកិច្ចពិភាក្សា ៕ដោយ៖ ធីរីណា

តំបន់ព្រំដែនរវាងឥណ្ឌានិងចិន។ រូបភាព៖ ANI


ចែករំលែក៖