ព័ត៌មានទាន់ហេតុការណ៍៖

មហាយក្សចិនទម្រាំមានការបង្រួបបង្រួមបានដូចជាពេលនេះតើបានឆ្លងកាត់សង្គ្រាមស៊ីវិលប៉ុន្មានលើក?

ចែករំលែក៖

សង្គ្រាមស៊ីវិលនៅក្នុងប្រទេសចិន ឬហៅថា « សង្គ្រាមស៊ីវិលរវាងគណបក្សជាតិនិយម«គួមីនតាំង»និងបក្សកុម្មុយនិស្ត» ដែលអូសបន្លាយចាប់ពីខែមេសាឆ្នាំ១៩២៧ ដល់ខែឧសភាឆ្នាំ ១៩៥០ គឺជាសង្គ្រាមស៊ីវិលនៅចិនដីគោករវាងគណបក្សទាំងពីរ គឺគណបក្សជាតិនិយម (គួមីនតាំង) នឹងបក្សកុម្មុយនិស្តចិន។ កិច្ចសហប្រតិបត្តិការពេលដំបូងមិនចុះសម្រុងគ្នាលើវិស័យនយោបាយ អភិបាលកិច្ច សេដ្ឋកិច្ច សង្គម ក៏ដូចជាយុទ្ធសាស្ត្រក្នុងការដឹកនាំប្រទេស…។ ក្រុមអ្នកជិតស្និទ្ធជាមួយកុម្មុយនិស្តក្នុងគណបក្សបក្សជាតិនិយម បានដកខ្លួនចេញ ទៅបង្កើតជាក្រុមអ្នកនយោបាយប្រឆាំងនៅក្នុងបក្សជាតិនិយម។ សង្គ្រាមស៊ីវិលក៏បានផ្ទុះឡើងនៅក្នុងឆ្នាំ ១៩២៧ ក្រោយពេល ក្រុមប្រឆាំងកុម្មុយនិស្តនិងក្រុមស្តាំនិយមនៃពួកគួមីនតាំង ដឹកនាំដោយអគ្គមេបញ្ជាការឈាង កៃសេក (Chiang Kai-shek)បានបោសសម្អាតនិងសម្លាប់សមាជិកគាំទ្របក្សកុម្មុយនិស្តនិងឆ្វេងនិយម។
គួមីនតាំង បានប្រកាសបោះបង់សម្ពន្ធភាពរបស់ខ្លួនជាមួយបក្សកុម្មុយនិស្ត ដោយសារតែការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅ ។ សមាជិកអ្នកគាំទ្របក្សកុម្មុយនិស្តនិងឆ្វេងនិយមដែលនៅរស់រានមានជីវិតបានអះអាងថា ឈាង កៃសេក បានក្បត់បដិវត្តន៍ហើយថាពួកគេនឹងបែកគ្នាដើម្បីចូលរួមជាមួយបក្សកុម្មុយនិស្តចិន (ដែលបានបោះបង់សម្ពន្ធភាពជាមួយគួមីនតាំង) បក្សកុម្មុយនិស្តចិនបានរីកកាន់តែធំដើម្បីប្រឆាំង ឈាង កៃសេក។
គួមីនតាំង ត្រូវបានគាំទ្រដោយលោកខាងលិច ហើយបក្សកុម្មុយនិស្តត្រូវបានគាំទ្រដោយសហភាពសូវៀត។ សង្រ្គាមស៊ីវិលត្រូវបានរំខាន(ផ្អាក) ក្រោយជប៉ុនឈ្លានពានចិន (នៅឆ្នាំ១៩៣៧-១៩៤៥) ។ សង្រ្គាមចិន-ជប៉ុនបានផ្ទុះឡើង ហើយការបង្កើតសម្ពន្ធភាពតស៊ូរបស់ចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនរហូតដល់ជប៉ុនត្រូវបានចុះចាញ់ កម្លាំងទាហានសម្ពន្ធមិត្ត (រួមទាំងចិន) នៅខែសីហាឆ្នាំ ១៩៤៥ ចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ។
សង្គ្រាមស៊ីវិលចិនលើកទី២បានបន្តនៅឆ្នាំ១៩៤៦ ក្រោយ៣ឆ្នាំធ្វើសង្គ្រាមដល់ឆ្នាំ១៩៤៩ បានបញ្ចប់មិនផ្លូវការ ។ បក្សកុម្មុយនិស្តដឹកនាំដោយ ម៉ៅ សេទុង ទទួលបានការគាំទ្រពីប្រជាជនភាគច្រើន។គោលនយោបាយសមហេតុផល និងភាពទន់ខ្សោយរបស់គួមីនតាំងបានធ្វើឱ្យបក្សកុម្មុយទទួលបានជ័យជម្នះនិងបានគ្រប់គ្រងប្រទេសចិនដីគោក (រួមទាំងកោះហៃណាន) បង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ ទន្ទឹមនឹងនេះគួមីនតាំងដឹកនាំដោយ ឈាង កៃសេក បានបរាជ័យដោយគ្រាន់តែបានកាន់កាប់ទឹកដីកោះតៃវ៉ាន់ ហើយបានក្លាយជារដ្ឋាភិបាលតៃវ៉ាន់បច្ចុប្បន្ន៕

ដោយ៖ធីរីណា


ចែករំលែក៖