ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រេស៊ីលរាប់សិបពាន់នាក់ធ្វើបាតុកម្មគាំទ្រការកែទម្រង់ប្រព័ន្ធបោះឆ្នោត

ចែករំលែក៖

នៅក្នុងឃ្លីបវីដេអូផ្ញើទៅកាន់ក្រុមបាតុករ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានបញ្ជាក់ថា នឹងធ្វើគ្រប់យ៉ាងដើម្បីធានាថាពលរដ្ឋទាំងអស់នឹងបានទៅបោះឆ្នោតតាមរយៈសន្លឹកឆ្នោតក្រដាស នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួននៅក្នុងទីក្រុងជាច្រើនគាំទ្រគម្រោងរបស់ប្រធានាធិបតី Jair Bolsonaro ក្នុងការបោះបង់ ការបោះឆ្នោតតាមប្រព័ន្ធអឡិចត្រូនិក ដោយពលរដ្ឋគឺត្រូវតែបោះឆ្នោតតាមរយៈសន្លឹកឆ្នោតក្រដាសវិញ។
នៅទីក្រុង Rio មានពលរដ្ឋប្រមាណ៣០០០នាក់បានដង្ហែក្បួនបាតុកម្មនៅតំបន់ឆ្នេរសមុទ្រ Copacabana ដោយក្រុមបាតុករពាក់អាវពណ៌ទង់ជាតិប្រេស៊ីល។ ពលរដ្ឋមានបំណងចង់បោះឆ្នោតដោយផ្ទាល់ដៃតាមរយៈសន្លឹកឆ្នោតក្រដាស ហើយរាប់សន្លឹកឆ្នោតដោយបើកចំហ និងមានតម្លាភាព។ នៅទីក្រុង Brasilia និងទីក្រុង Sao Paulo ពលរដ្ឋរាប់សិបពាន់នាក់ក៏បានដង្ហែក្បួនទាមទារសិទ្ធិបោះឆ្នោតតាមរយៈសន្លឹកឆ្នោតក្រដាសដែរ មិនមែនអេឡិចត្រូនិកនោះឡើយ។
ប្រព័ន្ធបោះឆ្នោត អេឡិចត្រូនិក របស់ប្រេស៊ីលបានអនុវត្តតាំងពីឆ្នាំ ១៩៩៦ ជំនួសការបោះឆ្នោតក្រដាស ដាក់ទៅក្នុងហិបឆ្នោត។ ប្រធានាធិបតី Jair Bolsonaro បានគាំទ្រដល់ពលរដ្ឋ នឹងជំរុញការអនុវត្តបោះឆ្នោតដោយសន្លឹកឆ្នោតក្រដាសនៅក្នុងការបោះឆ្នោតនាឆ្នាំ ២០២២ខាងមុខ៕

ដោយ៖ធីរីណា(រូបថត៖AFP)


ចែករំលែក៖