ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ៖ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ សំដៅទប់ស្កាត់រលកទី៣ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដ៏សាហាវ

ចែករំលែក៖

ភ្នំពេញ៖ ការអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមប្រធានបទ “រួមគ្នាទទួល   ខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”  ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធជាពិសេសសេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាពដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំង រស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥

កម្មវត្ថុ ៖ អនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមប្រធានបទ “រួមគ្នាទទួល ខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩  ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធជាពិសេសសេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំង រស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាព ថ្មីឲ្យបានត្រឹមត្រូវ។

យោង ៖ សេចក្តីណែនាំអំពីការងារមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ-១៩ និងការរៀបចំ”យុទ្ធនាការអនុវត្តយុទ្ធសាស្ត្រ ៦ ចំណុចរបស់ សម្តេចតេជោ នាយករដ្ឋមន្តី សំដៅទប់ស្កាត់រលកទី៣ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងដើម្បីត្រៀមខ្លួនរស់ជាមួយជំងឺកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មីៗរបស់ គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គបក)។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រីទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ជ្រាបថា យុទ្ធនាការអនុវត្តយុទ្ធសាស្ត្រ ៦ ចំណុចរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សំដៅទប់ស្កាត់រលកទី៣ នៃការ ឆ្លងរាលដាលជំងឺកូវីដ-១៩ និងដើម្បីត្រៀមខ្លួនរស់ជាមួយជំងឺកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មីកំពុងតែដំណើរការ យ៉ាងសកម្ម ដើម្បីទប់ស្កាត់ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យបង្កើន ការយកចិត្តទុកដាក់ខ្ពស់ឡើងវិញក្នុការប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ * ៣ ការពារ និង៣កុំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថ ដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវត្តមាននៃមេរោគកូវីដ-១៩ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដាក់ចេញនូវ លិខិតចុះថ្ងៃទី២៦ ខែកក្កដាកន្លងមក ស្តីពីការ អនុវត្តយុទ្ធនាការទូទាំងប្រទេស ដើម្បីអប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃ វីរុសកូវីដ-១៩ ដែលត្រូវបន្តជាប់ជាប្រចាំដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩បានធ្វើឡើងយ៉ាងច្រើនក្នុងរយៈពេលកន្លង មក។ ប៉ុន្តែសកម្មភាពទាំងអស់នោះមិនទាន់គ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នាបច្ចុប្បន្ន។ ដូច្នេះការរៀបចំបន្តយុទ្ធនាការដែលមានលក្ខណៈផ្តោតចំពោះ និងមានកិច្ចសហការរវាងភាគីពាក់ព័ន្ធ ទាំងអស់ ដោយល្អិតល្អន់ និងសម្រុកក្នុងពេលតែមួយចាប់ពីពេលនេះតទៅគឺមានសារៈសំខាន់បំផុត ដើម្បីឈានទៅ សម្រេចបានការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនក្នុងការរស់នៅតាមបែបគន្លងថ្មីជាមួយ វីរុសកូវីដ-១៩ ។ ជាមួយគ្នានេះ អនុគណៈកម្មការអប់រំបណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ក៏បានរៀបចំជាសេចក្ដីណែនាំក្នុងការរៀបចំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជា ពលរដ្ឋ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងរឹសកូដ-១៩” (ដូចជូនភ្ជាប់មកជាមួយ) ដើម្បី ជាមគ្គុទេសជំនួយបន្លែក្នុងការរៀបចំអនុវត្តយុទ្ធនាការថ្នាក់ជាតិនេះឲ្យកាន់តែមានប្រសិទ្ធភាព។

អាស្រ័យហេតុនេះ សូមលោក លោកស្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មេត្តាចូលរួមជំរុញយុទ្ធនាការពញ្ញាក់ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធក្រោមសមត្ថកិច្ច របស់លោក លោកស្រី និងបុគ្គលគ្រប់រូប ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយរៀបចំ សកម្មភាពសំខាន់ៗតាមសេចក្តីណែនាំយុទ្ធនាការនេះដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមលោក លោកស្រីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទទួលនូវការគោរព និងស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖