ភ្នំពេញ៖ ក្នុងនាមជាកងកម្លាំងនគរបាលនគរបាលជាតិ តែងតែលះបង់គ្រប់យ៉ាងដេីម្បីជាតិ និងប្រជាពលរដ្ឋ ទោះជាការបំពេញភារកិច្ចពេលថ្ងៃមានការរវល់ច្រេីនយ៉ាងណាក៏ដោយ ក៏មិនភ្លេចការបំពេញភារកិច្ចបន្តនៅពេលយប់ដេីម្បីអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ រយ:ពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ការអនុវត្តបម្រាមគោចរ។
នេះជាការលើកឡើង ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២១ ។
លោកស្នងការលើកឡើងថា, នេះគឺក្នុងគោលបំណងដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ជាពិសេសការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋពីមេរោគឆ្លងដ៏កាចសាហាវនេះ ។
ក្នុងការចុះអនុវត្តកិច្ចការនេះ សមត្ថកិច្ចជំនាញតែងតែអនុវត្តជាប្រចាំតាមវិធានសុខាភិបាល ដូចជាការៀបចំទីកន្លែងឲ្យស្អាត ចងខ្សែសុវត្ថិភាពរក្សាគម្លាត មានឧបករណ៍វាស់កំដៅ អាល់កុលលាងដៃ ជាពិសេសមន្ត្រីនគរបាលដែលត្រួតពិនិត្យឯកសារអ្នកដំណេីរគឺស្លៀកពាក់ក្នុងឯកសណ្ឋានពេទ្យដេីម្បីបង្ការការឆ្លងវីរុសនេះ ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តថា, ពិតណាស់ទាំងក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទ ក៏ចង់មានពេលវេលានៅផ្ទះជួបជុំបងប្អូនក្រុមគ្រួសារដែរ ប៉ុន្តែជាតួនាទីភារកិច្ចដែលត្រូវបំពេញ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលមានពេលសម្រាកនៅផ្ទះជួបជុំក្រុមគ្រួសារហេីយ គួរតែនៅផ្ទះកុំចេញក្រៅបេីមិនចាំបាច់ ដោយចូលរួមគោរពអនុវត្តនៅបម្រាមគោចរនេះ ដោយជួយគ្នាក្នុងការទប់ស្កាត់ដេីម្បីកុំឲ្យមានការឆ្លងរាតត្បាតកាន់តែធ្ងន់ធ្ងរឡេីងៗ ៕
ដោយ ៖ សិលា