ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តព្រូសក្នុងល្បឿនលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់មួយដើមដួលរាបដល់ដី ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកទម្លុះរបងការដ្ឋានសំណង់មួយកន្លែងទៅមុខលែងរួចនិងធ្វេីឱ្យម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២១នៅចំណុចមុខផ្សារហេងលី តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ជាសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់វ័យប្រមាណជាង៣០ឆ្នាំ បើករថយន្តព្រូស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BG-4152 តាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យគាត់ងោកមួយភាំងបានរេចង្កូតមកខាងស្ដាំដៃបុកបង្គោលភ្លើងបំភ្លឺផ្លូវ មួយដើមបាក់រាបដល់ដី ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបន្តទៅបុកទម្លុះរបងការដ្ឋានសំណង់មួយកន្លែង ចូលទៅខាងក្នុងទៅមុខលែងរួច ។ភ្លាមនោះអ្នកបើករថយន្តបានគាបជាប់នៅខាងក្នុងហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសង្គ្រោះ រួចទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងដោយសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
ដោយ៖សុខាសែនជ័យ