ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវចុះត្រួតពិនិត្យបួនស្រុកនៃខេត្តរបស់ខ្លួនក្នុងការអនុវត្តបម្រាមគោចរ

ចែករំលែក៖

ខេត្តតាកែវ៖ យោងតាមសេចក្តីប្រកាសរបស់រដ្ធបាលខេត្តតាកែវនាយប់ថ្ងៃចន្ទ​ ៩រោច​ ខែទុតិយាសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​២​ ខែសីហា​ ឆ្នាំ២០២១​ បានឱ្យដឹងថា លោកអ៊ូច ភា​ អភិបាលខេត្តតាកែវ​ បានចុះត្រួតពិនិត្យការអនុវត្តបម្រាមគោចរនៅស្រុកត្រាំកក់​ ស្រុកបាទី​ ស្រុកសំរោង​ និងស្រុកព្រៃកប្បាស​ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។

នាឱកាសនោះ​ លោកអភិបាលខេត្ត​បានធ្វេីការណែនាំដល់អាជ្ញាធរមូលដ្ឋាន​ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវបម្រាមគោចរ​ ជាពិសេសគឺអនុវត្តនូវវិធានការរដ្ឋបាលដែលបានដាក់ចេញដោយរដ្ឋបាលខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត​ ហេីយត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា​ ធ្វេីយ៉ាងណាទប់ស្កាត់​ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ បំប្លែងថ្មីប្រភេទដែលតា​ DELTA​ មកក្នុងសហគមន៍របស់យេីង​ ។ 

គួរបញ្ជាក់ថា​ តាមការណែនាំរបស់រាជរដ្ឋាភិបាល​រ ដ្ឋបាលខេត្តតាកែវបានចេញសេខក្តីសម្រេចកាលពីថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២១​ ស្តីពីការអនុវត្តវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ​ ដែលមានរយៈពេល​១៤ថ្ងៃ​ គឺចាប់ពីថ្ងៃទី២៩ខែកក្កដា​ ឆ្នាំ២០២១​ ដល់ថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ​២០២១​ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ​ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង​ ព្រមទាំងដាក់បម្រាមគោចរចាប់ពីម៉ោង​ ៩យប់​ ដល់ម៉ោង​៣ទៀបភ្លឺជាដេីម។បើសិនបងប្អូនប្រជាពលរដ្ឋមិនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលទេនោះគឺនឹងអនុវត្តតាមផ្លូវច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖