ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងដាក់លក្ខខណ្ឌសម្រាប់ការបន្តកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូជាមួយអាមេរិក

ចែករំលែក៖

កូរ៉េខាងជើងបានស្នើដល់សហគមន៍អន្តរជាតិ លុបទណ្ឌកម្មដល់កូរ៉េខាងជើង ដើម្បីឲ្យប្រទេសនេះ អាចនាំចូលទំនិញពីបរទេស ពិសេសទំនិញចាំបាច់ដើម្បីជួយដល់ពលរដ្ឋកូរ៉េខាងជើង ។
នៅថ្ងៃទី៣ខែសីហា តំណាងរាស្ត្រកូរ៉េខាងត្បូងមួយរូបបានឱ្យដឹងថា កូរ៉េខាងជើងមានបំណងចង់ឲ្យសហគមន៍អន្តរជាតិលុបទណ្ឌកម្ម លើវិស័យនាំចេញនាំចូលក្នុងប្រទេសនេះ ជាថ្នូរកូរ៉េខាងជើងព្រមចូលរួមពិភាក្សាជាមួយអាមេរិកស្តីពីការរំសាយអាវុធបរមាណូ ។ ទាំងនោះជាសកម្មភាពវិជ្ជមានសម្រាប់ស្តារទំនាក់ទំនងនៅឧបទ្វីបកូរ៉េឱ្យកាន់តែប្រសើរឡើង ។
កន្លងមកថ្មីៗ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យូចុង បានព្រមានថា ប្រសិនបើកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិកតាមការគ្រោងទុកពិតមែននោះ កិច្ចខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងរវាងកូរ៉េទាំង២ អាចនឹងត្រូវបានបំផ្លាញ។
សារព័ត៌មាន Reuters បានផ្សាយថា ការព្រមានខាងលើរបស់លោកស្រី គីម យូចុង ធ្វើឡើងនៅ
ចំពេលកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាដ៏សំខាន់នៃការស្ដារទំនាក់ទំនងឡើងវិញ។ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ ដែលទីក្រុងព្យុងយ៉ាងកាត់ផ្តាច់មួយឆ្នាំមុននៅពេលដែលទំនាក់ទំនងធ្លាក់ដុនដាបខ្លាំងនោះ ឥឡូវនេះបានតភ្ជាប់ឡើងវិញហើយ ខណៈមេដឹកនាំប្រទេសទាំងពីរ បាននិងកំពុងប្រឹងប្រែងស្តារចំណងទាក់ទង។
ជុំវិញបញ្ហាខាងលើនេះ លោកស្រី គីម យូចុង បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីចុងសប្ដាហ៍មុនយ៉ាងដូច្នេះថា «រដ្ឋាភិបាល និងយោធារបស់យើង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើកូរ៉េខាងត្បូងនឹងចូលរួមធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ឬក៏អាចធ្វើការសម្រេចចិត្តដ៏ធំមួយ… មានសង្ឃឹម ឬគ្មានសង្ឃឹម វាមិនមែនអាស្រ័យលើពួកយើងនោះទេ»៕

ដោយ៖ ធីរីណា(រូបថត៖AFP/TTXVN)


ចែករំលែក៖