ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើហិង្សាទៅលើចៅស្រីបង្កើតរបស់ខ្លួនឯងបណ្តាលឲ្យរងរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ស្ថិតនៅក្នុងភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះព្រីង សុផល មានអាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានមុខរបររើសអេតចាយ និងមានប្តីឈ្មោះស៊ុច ពន មានអាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង មានមុខរបរជាកម្មករសំណង់បានប្រាប់ឱ្យដឹងថាកន្លងមកម្តាយរបស់គាត់ឈ្មោះព្រីង អ៊ុក មានអាយុជាង៧០ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ជួលទីតាំងកើតហេតុខាងលើ តែងតែប្រើប្រាស់អំពើហិង្សាទៅលើកូនស្រីរបស់គាត់ឈ្មោះសាត សុខហេងមានអាយុ១៦ឆ្នាំដែលត្រូវជាចៅស្រីបង្កើតរបស់គាត់នេះជារៀងរាល់ថ្ងៃ ប៉ុន្តែកន្លងមកម្តាយរបស់គាត់មិនដែលបានវាយចៅឱ្យមានរបួសធ្ងន់ធ្ងរនោះទេ គឺ ទើបតែនៅវេលាម៉ោងប្រហែល១០យប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះម្តាយរបស់គាត់បានវាយទៅលើកូនស្រីរបស់គាត់បណ្តាលឲ្យមានស្នាមរបួសធ្ងន់ធ្ងរតែម្តង ដោយរូបគាត់ក៏មិនហ៊ានចូលទៅឃាត់នោះដែរ។ ប៉ុន្តែដោយប្រជាពលរដ្ឋរស់នៅជិតខាងឃើញទង្វើបែបនេះជារៀងរាល់ថ្ងៃពេក និងដោយមានក្តីអាណិតអាសូរទៅលើក្មេងស្រីរងគ្រោះផងដែរនោះ ទើបនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះពួកគាត់ (ប្រជាពលរដ្ឋ) បានរាយការយ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយក៏បានឃាត់ខ្លួនស្រ្តីវ័យចំណាស់ខាងលើប្រគល់ទៅឲ្យខាងសង្កាត់នាំយកទៅធ្វើការអប់រំណែនាំឱ្យឈប់ប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះនេាះបន្តទៀត។
ចំណែកម្តាយរបស់ជនរងគ្រោះក៏បានសំណូមពរដល់សមត្ថកិច្ចសូមកុំឲ្យផ្តន្ទាទោសទៅលើម្តាយរបស់គាត់អី គែគ្រាន់តែសុំត្រឹមធ្វើការអប់រំ និងណែនាំម្តាយរបស់គាត់ទៅបានហើយ៕
ដោយ៖ និន សុភ័ស្ត