ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់កម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ក្នុងនោះមានប្រុស២នាក់ស្រី១នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបនិងឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់កម៉ូតូនិងដែកឆ្កឹះសោផ្ទះនាំទៅសាកសួរកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២១នៅចំណុចផ្លូវលេខ៤៥៦កែងផ្លូវលេខ១៣៥ ក្នុងក្រុម៣២ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ សុខ សម្បត្តិលក្ខិណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ទី២-ឈ្មោះ ឃាង ណារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ទី៣-ឈ្មោះ គង់ ម៉ាលីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្វឃាត់ខ្លួនពីបទប៉ុនប៉ងលួចតែមិនបានសំរេច ។

លោក ផន អូន អធិការរងខណ្ឌបានឱ្យដឹងថា តាមបទបញ្ជារបស់លោក យិន សាន អធិការខណ្ឌបានឱ្យរូបលោកដឹកនាំកម្លាំងផ្នែកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលល្បាតក្នុងមូលដ្ឋានដើម្បីបង្ការបទល្មើសផ្សេងៗដូចជាឆក់ គាស់ផ្ទះជាដើម ហើយពេលល្បាតមកដល់ចំណុចមុខផ្ទះលេខ៤៥ ផ្លូវលេខ៤៥៦កែងផ្លូវលេខ១៣៥ក៏បានប្រទះឃើញជនសង្ស័យចំនួន៣នាក់ក្នុងនោះមានស្រីម្នាក់ជិះម៉ូតូស៊ុយហ្ស៊ុយគីនិចពាក់ស្លាកលេខនគរបាល។ដោយឃើញថាស្លាកលេខម៉ូតូមិនប្រក្រតី កម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់សាកសួរ ហើយឆែកឆេររកឃើញក្នុងកែបម៉ូតូឃើញមានឧបករណ៍មួយចំនួនដូចជា ដែកមុខស្រួចចំនួន៤, ដែកសំប៉ែតរាងកន្ទុយអន្ទង់ចុងស្រួចចំនួន១៣, ដែកទួណឺវីសចំនួន១៤, ទូរស័ព្ទស៊េរីចាស់ចំនួន២គ្រឿង ។ពេលសួរនាំនោះជនសង្ស័យទាំង៣នាក់មិនសារភាពទេ តែមុខសញ្ញាកំពុងជិះម៉ូតូមើលផ្ទះណាធ្វេសប្រហែសនឹងទៅគាស់ឆ្កឹះសោលួចទ្រព្យសម្បត្តិអស់ជាមិនខាន។ទោះជាយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងរួមនឹងវត្ថុតាងខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ដែរ ៕

ដោយ៖ជី ណា


ចែករំលែក៖