ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខណ្ឌទួលគោក​៖​ សម្រេចបិទផ្សារ​ដើម​គ​ជា​បណ្ដោះអាសន្ន ក្រោយ​អ្នកជំងឺ​កូ​វីដ-​១៩ ប្រភេទ​ថ្មី Delta​ បានទៅ​ទីនោះ​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពីអាជ្ញាធរ​ខណ្ឌទួលគោក​ នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១នេះថា៖​ ដេីម្បីទប់ស្កាត់ជំងឺឆ្លងរាលត្បាលខ្លាំង​ មន្រ្តី​ជំនាញ​ បានសម្រេច​បិទ​ផ្សារ​ដើម​គ​ជា​បណ្ដោះអាសន្ន ហេីយ​ក្រុមគ្រូពេទ្យ​រៀបចំ​យក​សំណាក​ទៅលើ​ក្រុមអាជីវករ​ទាំងអស់​ ព្រមទាំង​ប្រជាពលរដ្ឋដែល​បាន​ចូល​ផ្សារ​នេះកន្លងមក។​

ប្រភពដដែល​ បន្តថា​ មូលហេតុ​ដែល​អាជ្ញាធរ​សម្រេច​បិទ​ផ្សារ​ដើម​គ ជាបណ្ដោះអាសន្ននេះ ដោយសារតែ​ថ្មីៗ​នេះ មាន​អ្នកជំងឺ​កូ​វីដ-​១៩ ប្រភេទ​បំប្លែង​ថ្មី Delta បាន​ចូលទៅ​ទិញ ឥ​វ៉ាន់​នៅ​ទីនោះ ។​

​ប៉ុន្តែទោះបីជាយ៉ាងណា ពេលនេះ ក្រុមគ្រូពេទ្យ​កំពុងតែ​មមាញឹក​យ៉ាងខ្លាំង ក្នុងការ​រៀបចំ​ទីតាំង​ដើម្បី​យក​សំណាក​ទៅលើ​អ្នកពាក់ព័ន្ធ​ទាំងឡាយ ហើយ លទ្ធផល​យ៉ាងណា​ណា​នោះ​នៅ​មិនទាន់​ដឹង​ឡើយ​ទេ ។​

គួរជម្រាបថា​ បើតាម​ក្រសួងសុខាភិបាល ពេលនេះ​វីរុស​កូ​វីដ​១៩ ប្រភេទ Delta បាននិងកំពុង​រាតត្បាត​ចូលក្នុង​សហគមន៍​របស់​យើង​ហើយ ដោយ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រភេទ Delta នេះ ជា​បន្តបន្ទាប់ ។​ ទន្ទឹមនឹងនេះ​ ក្រសួងសុខាភិបាល​ក៏បាន​សង្កេតឃើញថា ការចម្លង​នាពេល​បច្ចុប្បន្ននេះ​មាន​សន្ទុះ​កើនឡើង​លើ​យុវវ័យ ដែល​ក្រុម​នេះ បាន​ដើរចេញ​ក្រៅ​ផ្ទះ​ច្រើន​និង​មានការ​ជួបជុំ​មិត្តភក្តិ ។​

​ដូច្នេះ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​កាន់តែ​ធំ​ឡើង​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវអនុវត្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ​និង​៣​កុំ៕​ដោយ​៖សហការី​

 


ចែករំលែក៖