ព័ត៌មានទាន់ហេតុការណ៍៖

បិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)

ចែករំលែក៖

ភ្នំពេញ, សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។
រដ្ឋបាលរាជធានីភ្នំពេញសម្រេច :
ប្រការ១ ….ត្រូវបានបិទខ្ទប់មិនឱ្យមានការចេញ-ចូលចំពោះកំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែង ខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រហូត ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) នៅក្នុងសហគមន៍។

ប្រការ៣ …ត្រូវបានប្រគល់ភារកិច្ចជូន រដ្ឋបាលខណ្ឌ៧មករា ដើម្បីបង្កើតក្រុមការងារប្រចាំការនៅទីតាំងដែលត្រូវ បិទខ្ទប់ ក្នុងនោះ ក្រៅពីភារកិច្ចអនុវត្តវិធានការរដ្ឋបាលក្នុងការបិទខ្ទប់ ត្រូវបំពេញការងារអាទិភាព ជាអាទិ៍៖

– ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

– ការងារផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភោគចាំបាច់ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងទីតាំងបិទខ្ទប់
– ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅ។
ប្រការ៤ …បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមប្រការ២ នៃសេចក្តីសម្រេចនេះ នឹងត្រូវកសាង សំណុំរឿងបញ្ជូនទៅសា្ថប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ប្រការ៥ …បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មុនពេលសេចក្ដីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្តបន្ត រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៏។

ប្រការ៦…នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ, ប្រធាន មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖