ខេត្តកំពត៖ នៅយប់ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ លោក អែត សារិទ្ធិ អភិបាលរង នៃគណ:អភិបាលក្រុងកំពត និងលោកស្វាយ មិត្ត នាយករដ្ឋបាលក្រុង បានដឹកនាំកងកម្លាំងចម្រុះចុះពិនិត្យ ដេីម្បីពង្រឹងការអនុវត្តសេចក្តីណែនាំលេខ ០០៥/២១ ស.ណ.ន ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពត ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) និងបម្រាមគោចរចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ និងចុះអប់រំផ្ទាល់ដល់ម្ចាស់បៀរហ្គាឌិន អាហារដ្ឋាន ភោជនីយដ្ឋាន រីសត និងកន្លែងលក់គ្រឿងស្រវឹងក្នុងភូមិសាស្រ្តរដ្ឋបាលក្រុងកំពត ខេត្តកំពត។
លោកអភិបាលរងក្រុងកំពតបានឱ្យដឹងថា សេចក្តីណែនាំលេខ ០០៥/២១ ស.ណ.ន ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពត ស្តីពីការទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ-១៩ និងបម្រាមគោចរចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺនោះ និងដោយមានការណែនាំពីលោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពតបានឱ្យលោកដឹកនាំកម្លាំងចម្រុះចុះពិនិត្យនិងណែនាំដល់ម្ចាស់បៀរហ្គាឌិន អាហារដ្ឋាន ភោជនីយដ្ឋាន រីសត និងកន្លែងលក់គ្រឿងស្រវឹងក្នុងភូមិសាស្រ្តរដ្ឋបាលក្រុងកំពត ខេត្តកំពត។
ក្នុងនោះដែលោកអភិបាលរងក្រុងក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដេីម្បីជៀសវាងការមានទោសទណ្ឌ និងការផាកពិន័យផ្សេងៗ៕
ដោយ៖ចន្ទ លីហ្សា