ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូគេថាទៅទិញបាយហូបមួយភ្លែតបែរជាយកទៅបញ្ចាំ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទី នៅចំណុចក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហួយ គឹមហ៊ាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ពុំ ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ចំពោះសម្ភារបាត់បង់មានម៉ូតូម៉ាកស្គូពីពណ៌ក្រហម ផលិតឆ្នាំ 2013 ពាក់ស្លាកលេខភ្នំពេញ1FF-8556 (របស់ជនរងគ្រោះ)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៦និង៥០នាទីព្រឹក ជនសង្ស័យឈ្មោះ.ពុំ ប៊ុណ្ណារិទ្ធ បានខ្ចីម៉ូតូជនរងគ្រោះឈ្មោះ. ហួយ គឹមហ៊ាន ដោយប្រាប់ជនរងគ្រោះថាខ្ចីតែ១០នាទីទេ ទៅទិញបាយយកមកហូប ហើយក៏ជិះយកទៅបាត់មិនបានត្រឡប់មកវិញឡើយ។ជនរងគ្រោះក៏បានតាមរកដែរតែរកមិនឃើញ ហើយក៏ទៅដល់ផ្ទះជួបតែឪពុកម្ដាយរបស់ជនសង្ស័យគាត់មិនបានទទួលខុសត្រូវ ហើយឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង។ លុះដល់ថ្ងៃទី៦ ខែសីហាឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ពុំ ប៊ុណ្ណារិទ្ធ ក៏បានត្រឡប់មកផ្ទះវិញទើបជនរងគ្រោះនិងឪពុកជនសង្ស័យបាននាំជនសង្ស័យឈ្មោះ ពុំ ប៊ុណ្ណារិទ្ធ ទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍និងដាក់ពាក្យបណ្តឹងតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះពុំ ប៊ុណ្ណារិទ្ធ បានឆ្លើយសារភាពថាគេបានខ្ចីម៉ូតូម៉ាកស្គូពីឈ្មោះហួយ គឹមហ៊ាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង៦និង៥០នាទីហើយបានជិះយកទៅបញ្ចាំនៅរាជធានីភ្នំពេញម្ដុំឃ្លាំងរំសេវបានប្រាក់ចំនួន165ដុល្លារ ពេលចាយលុយអស់ទើបវិលត្រឡប់មកផ្ទះវិញ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំយកមកដល់អធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ