ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បាន ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំបានសម្រេចជាច្រើនដង ហើយចុងក្រោយដឹងដល់ម្ដាយក្មេងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ។ ករណីចាប់រំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះមានអាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៣ ស្នាក់នៅផ្ទះជួលក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំណែកជនសង្ស័យឈ្មោះ ថាំង ម៉េង ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ សព្វថ្ងៃនៅផ្ទះជួលស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា កន្លងមក ក្មេងស្រីរងគ្រោះតែងតែឡើងទៅលេងបន្ទប់ជួលជាន់ទីមួយជាមួយប្អូនតូចរបស់ខ្លួនអាយុជាង២ឆ្នាំដូចសព្វមួយដង លុះមកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ក្មេងស្រីរងគ្រោះបាននាំប្អូនរបស់ខ្លួនទៅលេងបន្ទប់ជួលជាន់ទីមួយដូចធម្មតា ខណៈនោះជនសង្ស័យក៏បានឡើងទៅតាម រួចចាប់អូសដៃក្មេងស្រីរងគ្រោះយកទៅចាប់បង្ខំរួមភេទរហូតបានសម្រេចម្តង លុះក្រោយៗមកទៀត ជនសង្ស័យបានចាប់ក្មេងស្រីរងគ្រោះរំលោភជាបន្តបន្ទាប់ទៀតបានសម្រចសរុបទាំងអស់ចំនួន៥ដង គិតចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ។ លុះមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ដោយមានការសង្ស័យឃើញកូនមានសភាពស្លេកស្លាំងធ្លាក់ឈាម ម្តាយជនរងគ្រោះ. ក៏បានសួរដេញដោលក្មេងស្រីរងគ្រោះ ទើបដឹងរឿង រហូតដល់ថ្ងៃទី០៤ខែសីហាឆ្នាំ២០២១ ក៏បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលកំពង់សំណាញ់តែម្ដង។
ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍បាននាំខ្លួនជនសង្ស័យមកសួរនាំនិងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ