ព័ត៌មានទាន់ហេតុការណ៍៖

ឱកាសសម្រាកក្នុងនាមជាទ័ពអាវស តារាចម្រៀង ជ័យ សុវ៉ាត ខំប្រឹងផលិតបទចម្រៀងជូនអ្នកគាំបន្តទៀត

ចែករំលែក៖

   ភ្នំពេញ៖ ពិតជាធ្វើឲ្យគេមិនសរសើរមិនបានក្រោយពីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានលេចមុខលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងក្រោយពីលោកខកខានក្នុងការបង្ហាញមុខជាច្រើនខែ ព្រោះតែលោកបានស្ម័គ្រចិត្តធ្វើជាគ្រូពេទ្យមើលថែទាំអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនៅមណ្ឌលថែទាំអ្នកជំងឺនៅតំបន់ទួលពង្ររាជធានីភ្នំពេញ។ នៅក្នុងឱកាសសម្រាកពីការងារត្រឹមតែរយៈពេលខ្លីនេះ តារាចម្រៀងនិងជាវេជ្ជបណ្ឌិតរូបនេះកំពុងតែសម្រុកថតបទចម្រៀងថ្មីរបស់ខ្លួនដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនមុនពេលវិលត្រឡប់ទៅបំពេញការងារជាថ្មីនៅសប្តាហ៍ក្រោយនេះ។ 

   តារាចម្រៀងដែលមានប្រវត្តិកម្សត់ជាក្មេងកំព្រានេះទទួលបានការពេញចិត្តច្រើនពីទស្សនិកជនក្រោយពីលោកបានបញ្ចេញស្នាដៃសិល្បៈចម្រៀងជាបន្តបន្ទាប់ និងបង្ហាញពីឆន្ទៈយ៉ាងស្វិតស្វាញក្នុងកិច្ចការងារមនុស្សធម៌ជាហូរហែមកនេះ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររូបលោកភ្ញាក់ផើ្អលខ្លាំងទៀតនោះគឺលោកបានបង្ហាញមុខក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការចូល រួមថែទាំព្យាបាលអ្នកជំងឺកូវីដនៅក្នុងមណ្ឌលទួលពង្រ និងបង្កើតឱកាសកម្សាន្តតាមរយៈការច្រៀងឲ្យអ្នកជំងឺកូវីដ-១៩បានស្តាប់បំបាត់ការអផ្សុក។ បេសកកម្មរបស់ម្ចាស់បទ«ស្រលាញ់អូនដល់កាន់ឈើច្រត់»រូបនេះ នៅមិនទាន់បានបញ្ចប់នៅឡើយទេ គឺលោកនឹងបន្តចូលរួមជាថ្មីក្នុងកិច្ចការសង្គមមួយនេះតទៅទៀតខណៈដែលពេលនេះលោកបានបង្ហាញវត្តមាននៅលើឆាកតន្ត្រីនិងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ក្នុងស្រុកជាហូរហែ និងសម្រុកថតស្នាដៃបទចម្រៀងថ្មីបំពេញចិត្តទស្សនិកជនផងដែរ។ 

 តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានបញ្ជាក់ប្រាប់ថា លោកបានសម្រាកពីបេសកកម្មចំនួន២សប្តាហ៍មកហើយ ក្រោយពីបំពេញការងារនោះបានជាង៣ខែមក ហើយនៅសល់ពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះលោកនឹងទម្លាក់ក្បាលមេក្រូចុះសាជាថ្មីទៅបំពេញការងារជាគ្រូពេទ្យស្ម័គ្រចិត្តនេះបន្តទៀត ព្រោះបច្ចុប្បន្នតម្រូវការលើការងារនេះនៅតែមានចំនួនខ្ពស់ដដែល។ ទោះជាយ៉ាងណាលោកនៅតែសប្បាយចិត្តនឹងការចូលរួមចំណែកជួយដល់សង្គម បើទោះបីជាស្ថិតក្នុងផ្នែកណាមួយក៏ដោយ គឺលោកពិតជាពេញចិត្ត និងអរគុណចំពោះថ្នាក់ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលបានផ្តល់ឱកាសសម្រាប់រូបលោកក្នុងការចូលរួមចំណែកមួយនេះ។ លោកបន្តថា ក្រោយពីសម្រាកពីការងារនេះកន្លងមកលោកត្រូវឡើងឆាកតន្ត្រី២ដងក្នុងមួយសប្តាហ៍ និងត្រូវចេញថតបទចម្រៀងថ្មីពី២ទៅ៣បទ។ លោករំពឹងដែរថា ស្នាដៃថ្មីដែលលោកត្រៀមបញ្ចេញនេះនឹងពេញចិត្តសម្រាប់ទស្សនិកជន ហើយអ្វីដែលោកមិនភ្លេចនោះគឺការផ្តាំផ្ញើដល់ប្រជាពលរដ្ឋសូមបន្តស្តាប់តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងប្រសាសន៍ណែនាំរបស់សម្តេចតេជោ ៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួនបំផុត៕  

 

ដោយ៖ វឌ្ឍនា


ចែករំលែក៖