ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងគណនីហ្វេសបុកឈ្មោះ Veun chen ដែលបានផ្ញើរក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ សូមគោរព លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ខ្ញុំបាទឈ្មោះ ជិន វីន ប្រជាពលរដ្ឋ រស់នៅក្នុងភូមិអញ្ជែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ខ្ញុំសុំស្នើ លោកស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយអន្តរាគមន៍ករណី លោកគុយ ហឿន ជាអ្នករស់នៅជិតផ្ទះរបស់ខ្ញុំមានអាស័យដ្ឋានដូចខាងលើ កុំអោយចាក់សម្លេងរំខានខ្លាំងពេកដល់អ្នករស់នៅជិតខាង។
ក្រោយពីទទួលព័ត៌មានខាងលើ និងមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទី លោកអធិការបានបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី ចុះទៅដល់ទីតាំងផ្ទះឈ្មោះ គុយ ហឿន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរ កសិករ ពិនិត្យឃើញថាគាត់កំពុងចាក់ធុងបាស់ច្រៀងខារ៉ាអូខេ តែម្នាក់ឯងមែន ដោយប្រើធុងបាស់មានទំហំធំៗលឺខ្លាំង។ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី បានអោយគាត់បញ្ឈប់ការច្រៀង ហើយបានណែនាំ និងធ្វើកិច្ចសន្យាដល់គាត់ ហាមច្រៀងបើកសំឡេងលឺៗ និងបញ្ឈប់ការចាក់ធុងបាស់ ដែលធ្វើអោយប៉ះពាល់ដល់សិទ្ធសេរីភាពអ្នកដទៃ និងបើកស្តាប់ត្រូវមានម៉ោងកំណត់ កុំឲ្យរំខានដល់អ្នកជិតខាង។
ក្រោយពីកម្លាំងចុះអប់រំ និងកិច្ចសន្យាដល់ឈ្មោះ គុយ ហឿន ឃើញថាប្រជាពលរដ្ឋដែលមានផ្ទះនៅជិតនោះមានការសប្បាយចិត្តជាខ្លាំង ជាពិសេសម្ចាស់គណនីហ្វេសបុកឈ្មោះ Veun chen ដែលបានរាយការណ៍សុំអន្តរាគមន៍ចូលក្នុងផេកស្នងការដ្ឋាន បានសំដែងការអរគុណ ដល់លោកឧត្តមសេនីយ៍ទោស្នងការ ដែលបានអន្តរាគមន៍បានរហ័ស និងមានប្រសិទ្ធិភាព។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕
ដោយ៖ សិលា